(បាត់ដំបង)៖ CMAC នៅតែបន្តរាវរកគ្រាប់យុទ្ធភណ្ឌមិនផ្ទុះ និងធ្វើការបំផ្ទុះកម្ទេចចោលជាបន្តបន្ទាប់ នៅច្រាំងស្ទឹងសង្កែ ខេត្តបាត់ដំបង។ ជាក់ស្តែងនារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមជំនាញបានបំផ្ទុះគ្រាប់បែកចំនួន ៤រណ្តៅ និងបន្តកម្ទេចចោលតាមក្រោយទៀត បន្ទាប់ពីរកឃើញ ខណៈដែលស្ពានថ្មថ្មី បាននិងកំពុងធ្វើការសាង និងកែលម្អទីក្រុង សម្រាប់បុណ្យទន្លេ នាចុងខែមីនា ខាងមុខនេះ។

ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង បានសង្កេតឃើញថា ១រយៈថ្មីៗនេះ ក្រុមការងារបច្ចេកទេស CMAC បានដើររាវរកគ្រាប់មិនទាន់ផ្ទុះបានមួយចំនួន ខណៈពេលស្ពានថ្មថ្មី នៅមុខសាលាខេត្ត ចាប់ផ្តើមធ្វើ ក្រុមការងារបានកាយដីខួងរណ្តៅស្ពាន ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយចំនួន ហើយធ្វើការកម្ទេចចោល។

ក្រុមបច្ចេកទេសបានបន្តដើររាវរកនៅកន្លែងផ្សេងទៀត តាមច្រាំងស្ទឹងសង្កែ ក៏បានឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ ជាបន្តបន្ទាប់ ដែលកប់ដីកាលពីសម័យសង្រ្គាម ពិសេសជំនាន់ខ្មែរក្រហម គ្រប់គ្រង បានយកព្រះវិហារវត្តសង្កែ ធ្វើជាទីតាំងដាក់ឃ្លាំងគ្រាប់ដ៏ធំមួយ ក្នុងក្រុងបាត់ដំបង។ លុះដល់មុនថ្ងៃរំដោះទឹកដី ខេត្តបាត់ដំបង ពីរបបខ្មែរក្រហមបន្តិចយន្តហោះ បានទម្លាក់គ្រាប់បែក ចំទីតាំងវត្តសង្កែ ដែលជាឃ្លាំងគ្រាប់ ក្នុងជំនាន់នោះស្រាប់ធ្វើឱ្យផ្ទះខ្ទេចខ្ទីអស់។

សូមបញ្ជាក់ថា ទឹកដីខេត្តបាត់ដំបង ត្រូវរំដោះបានទាំងស្រុង នៅខែមករា ឆ្នាំ១៩៧៩ ហើយប្រជាពលរដ្ឋបានរស់រានមានជីវិត ជាលើកទី២ ហើយក៏បានគ្នាប្រកបរបររកស៊ីរៀងៗ ខ្លួនតទៅរហូតមកដល់មានការរីកចម្រើនបច្ចុប្បន្ន។

បើតាមមន្រ្តីជំនាញ CMACថា គ្រាប់កប់នៅក្នុងដីតាមច្រាំងស្ទឹងសង្កែ ប្រហែលនៅមានសេសសល់មួយចំនួនទៀត ហើយក្រុមជំនាញកំពុងដុត ដៃដុតជើងរាវរកគ្រាប់មិនផ្ទុះបន្ថែមទៀត រហូតឱ្យអស់មុនថ្ងៃបុណ្យទន្លេ ដែលធ្វើនៅបាត់ដំបង ខែក្រោយខាងមុខនេះ ផងដែរ៕