(ព្រះសីហនុ)៖ ខ្សែរថភ្លើងដែលមានដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ សម្រាប់នាំចេញទៅក្រៅប្រទេស បានខូចនៅតាមផ្លូវស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

មន្ត្រីស្ថានីយរថភ្លើងក្រុងព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះសីហនុឲ្យដឹងថា ក្នុងពេលដែលរថភ្លើងខូចមិនទាន់ដំណើរការទៅមុខបាន ក៏មានពលរដ្ឋខិលខូចមួយចំនួន បាននាំគ្នាទៅគាស់ទូររថភ្លើងដណ្តើម យកអង្ករបាត់បង់អស់ជាច្រើនបេ។

មន្ត្រីស្ថានីយរថភ្លើងក្រុងព្រះសីហនុ បានឲ្យដឹងថា អង្ករដែលមាននៅក្នុងទូររថភ្លើងហើយត្រូវពលរដ្ឋលួចយកទៅនេះ ជាអង្ករដែលនៅមានជាតិថ្នាំរក្សាការពារសត្វល្អិត មិនទាន់ដល់កំណត់ដែលអាចដាំបាយពិសារបានទេ អាចប៉ះពាល់ដល់សុខភាព និងថាសុំឲ្យពលរដ្ឋដែលលួចយកអង្ករនេះទៅប្រុងប្រយ័ត្នបំផុត។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងបន្ថែមថា តាមព័ត៌មានបឋម គឺបាត់អង្ករចំនួន ១៦បាវ ដែលក្នុងមួយបាវមានទម្ងន់៥០គីឡូក្រាម។ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ស្វែងរកមុខសញ្ញាផងដែរ៕