(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការរងផែនការងារធនធានមនុស្ស និងជាតំណាងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដឹកនាំគណៈស្នងការដើម្បីធ្វើពិធីបញ្ចុះបឋមសីលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរ៉ុង និងកោះរ៉ុងសន្លឹម ស្ថិតក្នុងភូមិដើមថ្កូវ និភូមិកោះតូច ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា បានឲ្យដឹងថា អគារប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរ៉ុង នឹងត្រូវរៀបចំជួសជុលឡើងវិញ ចំណែកឯប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរ៉ុងសន្លឹមវិញនឹងសាងសង់ឡើងថ្មី ក្នុងទំហំ ៩ម៉ែត្រ គុណនឹង ១២ម៉ែត្រ ជាអំណោយឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការរង ក៏បាននាំយកប្រសាសន៍សួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ស្នងការ ជូនដល់កងកំលាំងនៃប៉ុស្តិ៍ទាំងពីរ និងបាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន ជាពិសេស ក៏បានប្រគល់ជូននូវម៉ូតូចំនួន ០២គ្រឿង និងទូកឈើ ០១គ្រឿង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរដើម្បីសម្រួលដល់ការងារជំនាញប្រចាំថ្ងៃផងដែរ៕