(ព្រះវិហារ)៖ ជនសង្ស័យចំនួន ៥នាក់ រួមជាមួយវត្ថុតាងមួយចំនួនទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បញ្ជូនទៅសាលាដំបូងខេត្ត ចាត់វិធានការតាមច្បាប់ បន្ទាប់ពីជនសង្ស័យទាំងនេះ បានរាវរកវត្ថុបុរាណខុសច្បាប់នៅក្នុងប្រាសាទខ្នា ក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ ត្រី កង សៅគុណ មេបញ្ជាការខេត្តព្រះវិហារ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន ១២នាក់ រថយន្ត ០៣គ្រឿង សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ បានចុះបង្ក្រាបករណីរាវរកវត្ថុបូរាណ នៅប្រាសាទខ្នារ។

ជាលទ្ធផល កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ០៥នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ហេង ប៊ុនសុផុន អាយុ៣៧ឆ្នាំ ជាជាងសូន្យរូបលោហៈ នៅភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប
*ទី២៖ ឈ្មោះ សៀត សុភ័ក្រ អាយុ៥៤ឆ្នាំ នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
*ទី៣៖ ឈ្មោះ ង៉ៅ តៃ អាយុ៥៤ឆ្នាំ នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
*ទី៤៖ ឈ្មោះ ព្លាន ព្លឿង អាយុ៥៧ឆ្នាំ នៅភូមិគោកព្រិច ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
*ទី៥៖ ឈ្មោះ ប៊ុន សាន អាយុ៤៥ឆ្នាំ ប្រធាននគរបាលប៉ុស្តិ៍ព្រីងធំ នៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត។

ក្រោយចាប់ខ្លួន កម្លាំងបានវត្ថុតាងដកហូតបានរួមមាន៖ រថយន្តម៉ាកកាមម៉ារី ០១គ្រឿង ម៉ាស៊ីនរាវ ចំនួន០២គ្រឿង និងសម្ភារជីកគាស់កាយមួយចំនួនទៀត។

ក្រោយពីបានស្តាប់ចម្លើយសារភាពជនសង្ស័យទាំង០៥នាក់ រួចមក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង០៥នាក់ និងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕