(ភ្នំពេញ)៖ ក្នុងឱកាសឆ្នាំសិក្សាថ្មីនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នឹងរៀបចំការបើកទ្វារចំហរដល់សិស្សានុសិស្ស អ្នកអាណាព្យាបាលសិស្ស និងសាធារណជនទូទៅ ចូលទស្សនាក្នុងទីតាំងអគារសិក្សារយៈពេល ២ថ្ងៃដោយសេរី។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលត្រូវបើកទ្វារចូលទស្សនាដោយសេរីនោះរួមមាន មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះចាប់ពីម៉ោង៨ព្រឹកដល់ ម៉ោង៥ល្ងាច។ នេះបើតាមគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលនិងសាលារៀន។ មជ្ឈមណ្ឌលភាសា អេ អាយ អាយមានទទួលសិស្សចុះឈ្មោះចូលរៀនជារាងរៀលថ្ងៃ។

ទាក់ទិនបញ្ហានេះ លោក យ៉េន ចាន់សុម៉ា នាយកមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី បានប្រាប់ឲ្យដឹងថា ការបើកចំហរដល់សាធារណជនចូលទស្សនាដោយសេរីនេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្ស អ្នកអាណាព្យាបាលសិស្ស និងសាធារណជនគ្រប់មជ្ឈមដ្ឋានចូលទស្សនាពីរចនាសម្ពន្ធ អគារ បន្ទប់សិក្សា សម្ភារសិក្សា គ្រឿងឧបទេស បណ្ណាល័យ ឧបករណ៍សិក្សា និងទីតាំងអគារសិក្សាជាដើម។ នាយកមជ្ឈមណ្ឌលរូបនេះបានបន្ថែមថា ក្រៅពីចូលទស្សនានៅតាមអគារសិក្សានីមួយៗ ក៏បានផ្ដល់ឱកាសដល់សិស្សានុសិស្ស អ្នកអាណាបាលសិស្ស និងសាធារណជន បានស្គាល់គ្នា បង្កើនទំនាក់ទំនង បង្កើតភាពស្និទ្ធស្នាល រវាងគ្នានឹងគ្នាផងដែរ។

លោក យ៉េន ចាន់សុម៉ា បានបញ្ជាក់ទៀតថា ការបើកចំហរដល់សាធារណជនទូទៅនេះ ក៏មានរៀបចំជាស្តង់ពិព័រណ៌ មានកន្លែងផ្ដល់ព័ត៌មាន កន្លែងប្រឹក្សាយោបល់កម្មវិធីសិក្សា មានកន្លែងសម្រាប់កុមារកម្សាន្ត មានការគូរគំនូស ការផាត់ពណ៌រូបភាព ការទស្សនាការរៀន និងបង្រៀន និងការពិសោធរបស់សិស្សជាដើម។

បើតាមលោក រឿង សុភាព ជានាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នដោយសារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើន និងគាំទ្រខ្លាំងពីអ្នកអាណាព្យាបាលសិស្សានុសិស្ស និងមហាជនទូទៅនោះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំងបានសម្រេចចិត្តបើកទ្វារដល់សាធារណជន ចូលទស្សនា ដោយសេរីឥតគិតថ្លៃចាប់ពីថ្ងៃទី១៥-១៦ខែកុម្ភៈ ខាងមុខនេះ។

នាយកចាងហ្វាងដដែលបន្ថែមថា ក្នុងថ្ងៃនេះផងដែរ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ដែលមានបំណងសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង អាចធ្វើតេស្តចូលរៀនដោយឥតគិតប្រាក់ឡើយ។

សូមជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលភាសាអង់គ្លេស ចិន និងភាសាថៃ ឈានមុខគេនៅកម្ពុជាដោយផ្ដោតទៅលើគុណភាព វិន័យ និងសេវាកម្ម។ ចំពោះ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំ ដែលផ្ដោតសំខាន់ទៅលើចំណេះទូទៅចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ ដោយផ្ដោតទៅលើគុណភាព វិន័យ និងសេវាកម្ម៕