(ប៉េកាំង, ចិន)៖ ក្រោយបញ្ចប់ជំនួបជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិនភ្លាម, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបន្ដជួបពិភាក្សាការងារជាមួយលោក ស៉ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ទៅដល់ទីក្រុងប៉េកាំង នៅរសៀលម៉ោង៣៖៣០នាទីម៉ោងនៅទីក្រុងប៉េកាំង។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំទីមួយលើពិភពលោក ដែលជាន់លើទឹកដីចិន ខណៈប្រទេសមហាអំណាចមួយនេះ កំពុងផ្ទុះមេរោគកូរ៉ូណាយ៉ាងខ្លាំងក្លា។

សូមជម្រាបថា ទស្សនកិច្ចការងាររយៈពេល ១ថ្ងៃ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០នេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតបតាមការអញ្ជើញរបស់លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា៕