(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាឥតសំណងសរុប ២៧៦,២៦៦ដុល្លារ ដល់អង្គភាពចំនួនពីរ ក្រោមជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយ តូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។

ពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រូវបានចុះហត្ថលេខាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរ សម្រាប់គម្រោងដូចតទៅ៖

*ទី១ ៖ គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យបន្ទាយប្រណាក ខេត្តកំពង់ស្ពឺ នូវថវិកាចំនួន៩០,៧៥៤ដុល្លារ ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ។ គម្រោងនេះ អគារសាងសង់អគារសិក្សាមាន៦បន្ទប់ បំពាក់ជាមួយនឹងគ្រឿងសង្ហារឹម និងបង្គន់អនាម័យចំនួន២បន្ទប់នឹងត្រូវសាងសង់នៅអនុវិទ្យាល័យបន្ទាយប្រណាក ក្នុងខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ននៅក្នុងសាលានេះ មានការលំបាកក្នុងការសិក្សាដោយសារតែខ្វះខាតបរិក្ខារសិក្សា ហើយគម្រោងនេះនឹងធានាបាន នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងមានផាសុខភាពជាងមុន។

ក្រោយការកែលម្អគុណភាពនៃការអប់រំនេះនឹងផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សព្រមទាំងគ្រូប្រមាណ៥០០នាក់។

*ទី២ ៖ គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គងទឹកស្អាតក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ នូវថវិកាចំនួន ១៨៥,៥១២ដុល្លារ ជូនដល់សមាគមទឹកកម្ពុជា។ ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាតនឹងត្រូវសាងសង់ ហើយបណ្តាញចែកចាយទឹកប្រមាណ៣០គីឡូម៉ែត្រ នឹងត្រូវបានតម្លើងក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។

សង្ឃឹមថា ប្រជាជនៅភាគច្រើនដែលរស់នៅក្នុងមណ្ឌលនេះ ដែលមានពិការភាព ហើយពួកគេកំពុងជួបការលំបាកក្នុងការទទួលបានទឹក ពីព្រោះមិនមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅ ក្នុងមណ្ឌលនោះទេ។ តាមរយៈគម្រោងនេះ ប្រជាជនប្រមាណ១,៨០០នាក់ នឹងមានទឹកស្អាតប្រើប្រាស់ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

គួរជម្រាបថា ជំនួយឥតសំណង គូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការអភិវឌ្ឍន៍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាធម្មមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដោល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ ក៏ដូចជាជួយជំរុញនូវភាពជាម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦០លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិ ចំនួន៦២២គម្រោង នៅទូទាំងប្រទេសកម្ពុជា៕