(ពោធិ៍សាត់)៖ ជនសង្ស័យចំនួន ២នាក់ ក្នុងនោះមានម្នាក់ជាមេភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចនគបាលស្រុកវាលវែង ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ ធ្វើការឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋ ១២០០ហិកតា។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការចាប់ខ្លួននោះ ធ្វើឡើងដោយយោងតាមបទបញ្ជាពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានចាត់ឲ្យសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេត លើករណីកាប់ទន្ទ្រានឈូសឆាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ នៅចំណុចខាងជើងភ្នំផ្លិត ក្នុង ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកសាររាជរដ្ឋាភិបាល លេខ ០៦៣៥ស.ជ.ណ ចុះថ្ងៃ១៤ ខែមករា ឆ្នាំ២០២០ ដែលជនសង្ស័យក្លែងបន្លំនោះ មានទំហំដីរហូតទៅដល់ ១២០០ហិកតា ដោយឯកសារនេះ បានយកមកប្រើបាស់ មុនថ្ងៃចុះហត្ថលេខាពីថ្នាក់លើ។

សេចក្តីរាយការណ៍បន្ថែមថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ខាន់ ខូវ អាយុ៦៩ឆ្នាំ ជាមេភូមិប្រម៉ោយ និងឈ្មោះ ធឿន ធីហុង អាយុ៣៣ឆ្នាំ មានតួនាទីជាអ្នករៀបចំវាស់វែង ចាត់ចែងក្បាលដី។

សេចក្តីរាយការណ៍បានបន្តថា បើយោងតាមរបាយការណ៍ពិនិត្យឃើញថា នៅក្នុងឯកសារដីព្រៃដែលបានកាប់ឈូសឆាយរុករាកទន្រ្ទាន ចាត់ចែង លក់ ទិញ នោះមានទំហំប្រហែល ៣៧ហិកតាតែប៉ុណ្ណោះ តាមការស្រាវជ្រាវទៅឃើញថា ដីនៅចំណុចនោះ មានក្នុង ស.ជ.ណ ដែលជនសង្ស័យក្លែងបន្លំឯកសារ មានរហូតដល់១២០០ហិកតា។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់រួចរាល់ហើយ នឹងបន្តចាត់ការតាមនីតិវិធី៕