(ប៉េកាំង, ចិន)៖ នៅវេលាម៉ោងប្រមាណ៥៖៣០នាទីរសៀល (ត្រូវនឹងម៉ោង ៤៖៣០នាទីនៅកម្ពុជា) ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា កំពុងជួបពិភាក្សាការងារជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។

ជំនួបជាមួយនាយករដ្ឋមន្រ្តីចិន នៅពេលនេះ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ទៅដល់ទីក្រុងប៉េកាំង នៅរសៀលថ្ងៃដដែលនេះ។សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំទីមួយលើពិភពលោក ដែលជាន់ទឹកដីចិន ខណៈប្រទេសមហាអំណាចមួយនេះ កំពុងផ្ទុះមេរោគកូរ៉ូណាយ៉ាងខ្លាំងក្លា។

តាមការគ្រោងទុក បន្ទាប់ពីបញ្ចប់ជំនួបជាមួយនាយករដ្ឋមន្ដ្រីចិន, សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដជួបពិភាក្សាការងារជាមួយប្រធានាធិបតី ស៊ី ជីនពីង ផងដែរ។

សូមជម្រាបថា ទស្សនកិច្ចការងាររយៈពេល ១ថ្ងៃ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០នេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតបតាមការអញ្ជើញរបស់លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា៕