(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាព ម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋនៅព្រឹកទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានលោក ប៊ុន ចំរើន ជាប្រធានស្តីទី បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារទំនប់រលក ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារ មួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹក ត្រីងៀត មី ប្រេងឆា ប្រហិតសាច់គោ សណ្តែកបណ្តុះ និងទឹកខ្មេះ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ នៅក្នុងម្ហូបអាហារខាងលើនោះទេ តែបានរកឃើញការដាក់តាំងលក់ភេស្ជជៈចំរុះ សរុបប្រមាណ ៨.៤០គីឡូក្រាម ស្មើនឹង ២៤ដបហួសកាលបរិច្ឆទប្រើប្រាស់។

ក្រោយពីរកឃើញទំនិញហួសកាលបរិច្ឆេទ មន្ត្រីជំនាញកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក នៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈម ចំពោះមុខច្បាប់ថែមទៀត៕