(ព្រះសីហនុ)៖ រដ្ឋមន្ដ្រីសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់នាយកប្រតិបត្តិបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ស្ថានភាពជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ បានធូរស្រាលកាន់តែខ្លាំងហើយ បន្ទាប់ពីលទ្ធផលវិភាគរោគសញ្ញាលើកទី១ បានបង្ហាញថា គ្មានផ្ទុកវីរុសកូរ៉ូណា (អវិជ្ជមាន)។

ប៉ុន្ដែបើទោះបីលទ្ធផលវិភាគលើកទី១ បានបង្ហាញថា អវិជ្ជមានក៏ពិតមែន តែក្រុមគ្រូពេទ្យជំនាញមិនទាន់អនុញ្ញាតឲ្យជនជាតិចិននោះ ចាកចេញពីមន្ទីរពេទ្យនោះទេ ពោលនៅបន្ដតាមដានយ៉ាង យកចិត្តទុកដាក់ដដែល។ នេះតាមអ្វីដែលលោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់បន្ថែម។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូច្នេះថា «យើងពិនិត្យរួចហើយលទ្ធផលលើកទី១ គឺអវិជ្ជមាន និងបន្តពិនិត្យលើកទី២បន្តទៀត, ប្រសិនបើលើកទី២ នៅតែពិនិត្យមិនឃើញមានរោគសញ្ញាទេ នោះយើងអនុញ្ញាតឲ្យគាត់ចាកចេញពីមន្ទីរពេទ្យហើយ»

បើតាមលោក ម៉ម ប៊ុនហេង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្ពុជាមិនទាន់មានករណីអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីនោះទេ មានតែមួយករណីប៉ុណ្ណោះលើជនជាតិចិន។

សូមបញ្ជាក់ថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាលយកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

គួរជម្រាបថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់ ៤៩០នាក់ហើយ ខណៈមនុស្សរហូតដល់ ២៤,៣២៤នាក់បានឆ្លងគិតត្រឹមថ្ងៃពុធនេះ។ ដោយឡែកជនជាតិចិន ៨៩២នាក់ផ្សេងទៀតក៏បានចាកចេញពីមន្ទីរពេទ្យផងដែរ ក្រោយពួកគេជាសះស្បើយពីជំងឺបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ដែលកំពុងកើតឡើងនៅខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ជាពិសេសនៅខេត្តហ៊ូប៉ី និងទីក្រុងវូហាន៕