(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយ ផ្តល់ជូនកម្មករចំនួន៣នាក់ ដែលរងគ្រោះដោយអគ្គិភ័យ នៅស្ថានីយ៍ដេប៉ូប្រេងតេលា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ។

លោក ញាណ ចាន់សោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២នេះថា លោក ចេង មុនីរ៉ា បានដឹកនាំមន្ត្រីសាលាខណ្ឌ ចុះទៅសាកសួរសុខទុក្ខ ដល់ប្អូនៗកម្មករចំនួន៣នាក់ ដែលរងរបួសដោយសារហេតុការណ៍ អគ្គិភ័យកើតឡើង ក្នុងស្ថានីយ៍ដេប៉ូប្រេងតេលា។

ក្នុងឱកាសចុះសាកសួរសុខទុក្ខ ដល់ប្អូនៗកម្មករ នៅមន្ទីរពេទ្យកាល់ម៉ែត និងលោក ចេង មុនីរ៉ា ក៏បានសំដែងនូវក្តីរន្ធត់ និងអាណិតអាសូរដល់ប្អូនៗ ហើយក្នុងនោះ លោកអភិបាលខណ្ឌ ក៏បាននាំយកផ្លែឈើ ភេសជ្ជៈ និងថវិកា ផ្តល់ដល់ប្អូនៗទាំង៣នាក់ និងជូនពរឲ្យឆាប់ជាសះស្បើយ ពីរបួសរលាកភ្លើងនេះ។

លោក ញាណ ចាន់សោភា បានបញ្ជាក់ទៀតថា កម្មករទាំង៣ ដែលរងរបួសនោះ គឺទី១៖ ឈ្មោះ ស្រួច ញៀន ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករលាងឡាន, ទី២៖ ឈ្មោះ កួង បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករលាងឡាន និងទី៣៖ ឈ្មោះ ស៊ន ស៊ីថា ភេទប្រុស អាយុ៣៨ឆ្នាំ ជាបុគ្គលិកលក់ហ្គាស ក្នុងស្ថានីយ៍ដេប៉ូប្រេងតេលា នៅចំណុចកើតហេតុ។

ទឹកចិត្តសប្បុរសធម៌ របស់លោកអភិបាលខណ្ឌច្បារអំពៅ ដែលតែងធ្វើឡើងរាល់ពេល ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ជួបទុក្ខលំបាកក្នុងជីវភាព ឬគ្រោះថ្នាក់ផ្សេងៗ។ ទឹកចិត្តសប្បុរសធម៌នេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋលោកពេញចិត្ត និងគំាទ្ររាល់សកម្មភាពមនុស្សធម៌ ដែលលោកតែងធ្វើឡើង ជាមួយប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដោយគ្មានរើសអើងទៀតផង៕