(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងណែនាំឲ្យអភិបាលស្រុកកងមាស ទើបនឹងចូលកាន់តំណែង ខិតខំប្រឹងប្រែងធ្វើកិច្ចការបម្រើ សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង បន្តវេនពីលោក មឿន ផា អភិបាលស្រុកចាស់ ដែលចូលនិវត្តន៍។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាស្រុកកងមាស ក្នុងពិធីប្រកាសតែងតាំង លោក ភោគ សាវុធ ចូលកាន់មុខតំណែងជាអភិបាលស្រុកកងមាស។

លោកអភិបាលខេត្ត បានថ្លែងថា ការផ្លាស់ប្ដូរ និងការតែងតាំងមុខតំណែងថ្មីនេះ គឺជាភាពចាំបាច់មួយ ហើយក៏ជាការបន្តនិរន្តរភាពរដ្ឋបាល ស្របទៅតាមច្បាប់ របស់ក្រុមព្រឹក្សាស្តីពី ការគ្រប់គ្រងរដ្ឋបាលខណ្ឌ ក្រុង ស្រុក ពោលគឺមិនមែនដោយសារបញ្ហាប្រឈម ដែលត្រូវផ្លាស់ប្ដូរនោះទេ គឺដល់អាយុកាល ដែលលោកអភិបាលស្រុកចាស់ ត្រូវចូលនិវត្តន៍។

លោកអភិបាលខេត្តបានថ្លែងបន្តថា «ក្នុងនាមជាគណៈអភិបាលស្រុក ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព»

លោកបន្ថែមថា ជាងនេះទៅទៀតការ អភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តដាក់ ឲ្យស្របទៅតាមការកែទម្រង់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕