(ភ្នំពេញ)៖ ការគេងស្រមុក គឺជាសំឡេងរំខានដែលកើតឡើងនៅពេលគេងលក់។ ស្រមុក គឺកើតឡើងដោយសារពេលគេងលក់អណ្ដាត និងកន្លើតរបស់យើងធ្លាក់ទៅត្បៀតបំពង់ខ្យល់ ជាហេតុធ្វើឱ្យស្ទះបំពង់ខ្យល់ ដូច្នេះក៏កើតចេញជាសំឡេងស្រមុកឡើង។

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា បញ្ហាគេងស្រមុក ភាគច្រើនកើតឡើងចំពោះមនុស្សធាត់ ឬឡើងទម្ងន់ជ្រុល។ ហេតុអ្វី? ព្រោះនៅពេលធាត់ កន្លើតយើងដុះសាច់ខ្លាញ់នៅក្នុងហ្នឹង ដល់ពេលអ៊ីចឹង គឺមានបញ្ហាធ្វើឱ្យយើងគេងទៅ ដកដង្ហើមចេះតែស្ទះ។

លោកបន្តថា នៅពេលដកដង្ហើមស្ទះទៅ សំឡេងឃឺតខតៗនឹងឮចេញមកក្រៅ។ អ្នកមានបញ្ហាគេងស្រមុក ពុំអាចគេងលក់ស្កប់ស្កល់ឡើយ ម្ល៉ោះហើយមួយថ្ងៃៗពួកគេងងុយតែគេង ហើយថែមទាំងអស់កម្លាំងល្ហិតល្ហៃទៀតផង។ មិនតែប៉ុណ្ណោះ សូម្បីអ្នកគេងក្បែរក៏ត្រូវទទួលរងការរំខានដំណេកផងដែរ។

បើតាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី យើងអាចបញ្ឈប់ការគេងស្រមុក ដោយគ្រាន់តែអនុវត្តន៍តាមចំណុចមួយចំនួន ដូចខាងក្រោម៖

*១៖ ប្ដូររបៀបគេង៖ មនុស្សភាគច្រើនចូលចិត្តគេងផ្ងារឡើងលើ។ ការគេងផ្ងារឡើងលើវាអាចធ្វើឱ្យលោកអ្នកស្រមុក។ នេះដោយសារនៅ ពេលយើងគេងផ្ងារ អណ្តាតនិងក្រអូមមាត់របស់យើងទន់ធ្លាក់ចុះមកក្រោយបំពង់ក ដែលធ្វើឱ្យផ្លូវដង្ហើមរួមតូច។ ដូច្នេះសូមគេងផ្អៀង ជំនួសវិញទើបជាការប្រសើរ ព្រោះវាជួយឱ្យយើងដកដង្ហើមចេញចូលស្រួល ហើយធ្វើឱ្យយើងគេងលក់ស្កប់ស្កល់ថែមទៀតផង។

*២៖ សម្រកទម្ងន់៖ ការឡើងទម្ងន់ ឬលើសទម្ងន់ ក៏ជាមូលហេតុធ្វើឱ្យយើងគេងស្រមុកដែរ។ ដូច្នេះដើម្បីបញ្ឈប់បញ្ហាគេងស្រមុក គឺត្រូវតែសម្រកទម្ងន់។ ប៉ុន្តែបើសិនជាយើងគេងស្រមុកតាំងពីមិនទាន់ធាត់ នោះការសម្រកទម្ងន់គ្មានប្រសិទ្ធភាពឡើយ។

*៣៖ ផ្អាកពិសាស្រា៖ ខ្ញុំតែងសង្កេតឃើញថា មនុស្សដែលមិនធ្លាប់គេងស្រមុក បន្ទាប់ពីពិសាស្រា ហើយពួកគេនឹងគេងស្រមុក ព្រោះសាច់ដុំខាងក្រោយបំពង់កពួកគេកៀប។ ដូច្នេះប្រសិនជាអាចឈប់ពិសាស្រាបាន នោះពួកគេអាចនឹងលែងគេស្រមុក។

*៤៖ អនាម័យច្រមុះ៖ ប្រសិនបើច្រមុះលោកអ្នកតឹង ឬពិបាកដកដង្ហើម នៅពេលគេងលក់លោកអ្នកនឹងស្រមុក។ ដូច្នេះសូមសម្អាតច្រមុះលោកអ្នកជារៀងរាល់ថ្ងៃ មុនពេលចូលគេង។

*៥៖ ទទួលទានទឹកឱ្យបានច្រើន៖ ទឹកជាសារធាតុសំខាន់ដែលអាចជួយសម្រួលដល់ការគេងស្រមុកបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះត្រូវពិសាទឹកឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន (យ៉ាងតិចត្រូវពិសាទឹកឱ្យបាន២លីត្រកន្លះក្នុងមួយថ្ងៃ) ប៉ុន្តែត្រូវចាំថា ចាប់ពីម៉ោង៦ល្ងាច យើងមិនត្រូវពិសាទឹកទៀតទេ ព្រោះវាអាចរំខានដល់ដំណេករបស់យើង។ កាលណាពិសាទឹកចាប់ពីម៉ោង៦ល្ងាចទៅ យើងនឹងត្រូវក្រោកឡើងបត់ជើងតូចនៅពេលយប់ញឹកញាប់។ ប្រសិនបើក្រោកបត់ជើងតូចញឹកញាប់នៅពេលយប់ឡើងនោះ យើងនឹងមិនអាចគេងលក់ស្កប់ស្កល់បានឡើយ៕