(ភ្នំពេញ)៖ លោកស្រី ប៉ូលីន ថាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការបំពុល និងបម្រែបម្រួលអាកាសនៅលើពិភពលោក បានសម្លាប់ជីវិតមនុស្ស និងសត្វជាង ៧លាននាក់-ក្បាល នៅក្នុងមួយឆ្នាំៗ ហើយការបម្រែបម្រួលអាកាសធាតុ បានក្លាយជាវិបត្តិរបស់មនុស្សជាតិទូទាំងសកលលោកទាំងមូល។

ការឱ្យដឹងបែបនេះលោកស្រី ប៉ូលីន ថាមេស៊ីស បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី រួមជាមួយទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញក្នុងពិធីសន្ទនាពហុភាគីពាក់ព័ន្ធរៀបចំ គោលនយោបាយជាន់ខ្ពស់ថ្នាក់ជាតិ នៅកម្ពុជាស្តីពី «ការកសាងភាពធន់ទៅនឹងគ្រោះរាំងស្ងួត នៅអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ។

លោកស្រី ប៉ូលីន ថាមេស៊ីស បានលើកឡើងយ៉ាងដូច្នេះថា៖ «ហើយយើងសង្កេតឃើញថា គ្រោះរាំងស្ងួត នៅតំបន់ផ្សេងៗ នៅលើពិភពលោកនោះ បានធ្វើការបំផ្លាញនូវផលប៉ះពាល់ផ្សេងៗ ហើយជារៀងរាល់ឆ្នាំយើងឃើញថា ការបំពុល នៅលើពិភពលោកបានសម្លាប់រហូតទៅ ដល់៧លានមនុស្ស ក្នុងមួយឆ្នាំ ដែលទាក់ទងនឹងរឿង បម្រែបម្រួលអាកាសធាតុ [...] ជាការពិតយើងដឹងថា ការបម្រែបម្រួលអាកាសធាតុ មិនមែនជារឿងមួយដែលយើង គិតឃើញងថា មានភាពមិនងាយស្រួលតែប៉ុណ្ណោះទេ ប៉ុន្តែការបម្រែបម្រួលអាកាសធាតុ បានប្រឈមមុខជាមួយយើង ហើយវាក្លាយទៅជាវិបត្តិសកល នៅលើពិភពលោក»

លោកស្រី ប៉ូលីន ថាមេស៊ីស បានបន្តថា ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ គឺជារយៈពេលក្តៅបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ហើយការសង្កេតឃើញថា ការកើនឡើងនូវកម្ពស់ទឹកសមុទ្រ ដែលមានជាតិអាស៊ីតច្រើនឡើង ដែលសង្កេតឃើញពីផលប៉ះពាល់ ហើយគ្រោះហន្តរាយដែលទាក់ទងជាមួយនឹងការបម្រែបម្រួលអាកាសធាតុ កាន់តែមានភាពគ្រោះថ្នាក់ និងខ្លាំងខ្លាំឡើង ដែលជំរុញឱ្យមានការបាត់បង់ទាំងធនធានមនុស្ស រួមជាមួយរឿងសេដ្ឋកិច្ចជាដើម។

លោកស្រី ប៉ូលីន ថាមេស៊ីស បានឱ្យដឹងថា ដោយឡែកនៅក្នុងប្រទេសកម្ពុជាវិញ រយៈពេលជាង២ទសវត្សចុងក្រោយនេះ បានមើលឃើញថា នៅឆ្នាំខ្លះមានទឹមជំនន់ឡើងខ្ពស់ ហើយនៅឆ្នាំខ្លះមានទឹកជំនន់តិចតួច កត្តានេះបានធ្វើឱ្យឆ្នាំខ្លះខ្វះខាតទឹក សម្រាប់ប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ព្រមទាំងការប្រើប្រាស់ទឹកជាដើម។ ក៏ប៉ុន្តែ នៅឆ្នាំខ្លះទឹកជំនន់ឡើងខ្លាំងពេក ដែលធ្វើឱ្យសាលារៀនមួយចំនួនត្រូវបិទទ្វារ មិនតែប៉ុណ្ណោះទឹកជំនន់នេះ វាមិនត្រឹមតែបំផ្លាញវិស័យកសិកម្មនោះទេ គឺវាបានបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធអស់មួយចំនួន ទាំងនេះជាផ្នែកមួយ នៃការបម្រែបម្រួលអាកាសធាតុសកលលោកទាំងមូលផងដែរ។

នៅឆ្នាំ២០១៩ កម្រិតទឹកទន្លេមេគង្គមានម្រិតទាបបំផុតមិនធ្លាប់មាន ហើយស្រូវរបស់ប្រជាពលរដ្ឋប្រហែល៣សែនហិកតា បានទទួលរងផលប៉ះពាល់ បន្ថែមពីនេះ នៅចុងឆ្នាំ២០១៣ ទឹកជំនន់បានបង្កឱ្យមានផលប៉ះពាល់ខេត្តចំនួន២០ នៅទូទាំងប្រទេសកម្ពុជា។

បើតាមទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ក្នុងការត្រៀមបម្រុងរាជរដ្ឋាភិបាល បានបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានាឱ្យទាន់ពេលវេលា ដែលមានស្បៀងជាស្រូវ អង្ករ គ្រាប់ពូជមានគុណភាព រួមមានគ្រាប់ពូជដំណាំ ស្រូវ បន្លែ និងដំណាំរួមផ្សំផ្សេងទៀត ព្រមទាំងសាច់ប្រាក់ បម្រុងទុក ហើយពេលមានគ្រោះរាំងស្ងួត ឆ្នាំ២០១៩ យើងបានដោះស្រាយស្រូវពូជមួយចំនួន ជូនប្រជាកសិករដើម្បីស្តារផ្ទៃដីឡើងវិញ និងនៅសល់មួយចំនួន ប្រជាកសិករ បានម្ចាស់ការដោះស្រាយខ្លួនឯង។

បើតាមទេសរដ្ឋមន្ត្រី គន់ គីម ថាជាយុទ្ធសាស្រ្តចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់បញ្ចូលការគ្រប់គ្រងគ្រោះមហន្តរាយទៅក្នុងដំណើរការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងយោងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនេះ និងក្របខណ្ឌការងារ «សេនដាយ» សម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ឆ្នាំ២០១៩-២០៣០ ក៏បានរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ សម្រាប់គ្រប់ក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍។

ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា គ្រោះរាំងស្ងួត ជាបញ្ហាកើតមានពីការមិនអាចទាយទុកជាមុន ដោយមានការធ្លាក់ភ្លៀងយឺតយ៉ាវ ភ្លៀងធ្លាក់មិនទៀងទាត់ ចំនួននៃបរិមាណទឹកភ្លៀង និងរយៈពេលភ្លៀងធ្លាក់ខុសគ្នានៅតាមតំបន់នីមួយៗ ការបញ្ចប់រហ័សរដូវភ្លៀងធ្លាក់។ ជាមួយនៃការកើនឡើងជៀសមិនផុត នៃបាតុភូតធម្មជាតិនេះ តួនាទីសំខាន់នៃការគ្រប់គ្រងគ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យនោះ គឺការធ្វើឱ្យប្រសើរឡើងតាមរយៈកិច្ចសហប្រតិបត្តិការ ប្រើប្រាស់បចេ្ចកវិទ្យាលំហអាកាស រូបភាពពីផ្កាយរណប ការអង្កេតផែនដី ដែលជាតម្រូវការច្រកចូល ក្នុងការទទួលបានទិន្នន័យ និងដកស្រង់ព័ត៌មាន៕