(ភ្នំពេញ)៖ ក្រុមការងារចម្រុះដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំមន្ត្រីជំនាញ ចុះផ្អាកសំណង់អគារស្នាក់នៅរួមរបស់លោក ប៊ុន សេង ដែលបានដាក់រថយន្ត បាញ់បេតុង បិទផ្លូវទាំងស្រុងបង្កឲ្យមានការក្តៅក្រហាយដល់អ្នកធ្វើដំណើរ និងរំខានការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង។

ខណៈចុះផ្អាកនោះដែរ ខាងភាគីម្ចាស់អគារនោះ ពុំមានបង្ហាញលិខិតច្បាប់ពាក់ព័ន្ធនឹងការសុំច្បាប់បិទផ្លូវ ដើម្បីសាងសង់ឡើយ ទើបអាជ្ញាសម្រេចឲ្យផ្អាកដំណើរការសាងសង់បណ្តោះអាសន្ន។ ក្នុងនោះលោក អាំង សិរីពិសិដ្ឋ បានណែនាំឲ្យម្ចាស់អគារមិនឲ្យមានការចាក់បេតុងបិទផ្លូវពេលថ្ងៃជាដាច់ខាត និងហាមមិនឲ្យកម្មករស្នាក់នៅក្នុងអគារខុនដូរ។

អាជ្ញាធរបានណែនាំថា ពេលបញ្ចប់ការដ្ឋានត្រូវស្តារប្រព័ន្ធលូឲ្យស្អាត និងមិនត្រូវទុកដាក់សម្ភារកាកសំណល់សំណង់លើចិញ្ចើមផ្លូវ នាំឲ្យប៉ះពាល់ដល់អ្នកដំណើរ។

ការចុះផ្អាកសំណង់នេះធ្វើឡើងកាលវេលាម៉ោង៩៖៣០នាទីនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅផ្លូវ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បន្ទាប់ពីទទួលបានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដែលការដ្ឋានសំណង់ខុនដូបានបិទកំណាត់ផ្លូវ១០៣ទាំងស្រុង ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ដោយពិនិត្យឃើញជាក់ស្តែងដូច្នេះ ក្រុមការងារចម្រុះសម្រេចផ្អាកជាបណ្តោះអាសន្ន រង់ចាំក្រុមហ៊ុនបង្ហាញច្បាប់ឲ្យបានគ្រប់គ្រាន់ ទើបអនុញ្ញាតឲ្យបន្តសាងសង់៕