(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចាកចេញពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីចិន នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ដែលអង្គភាពព័ត៌មានទើបទទួលបានមុននេះបន្តិច។

ទស្សនកិច្ចការងាររយៈពេល១ថ្ងៃ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០នេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតបតាមការអញ្ជើញរបស់ របស់ លី ខឺឈាង នាយករដ្ឋមន្រ្តីចិន។ អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបជាមួយ លោក លី ខឺឈាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ និងផ្លាស់ប្តូរទស្សនៈគ្នាលើការរីករាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណាដែលកំពុងកើតមានឡើង រួមទាំងបញ្ហាមួយចំនួនដែលជាផលប្រយោជន៍រួម និងជួបសំដែងការគួរសមជាមួយ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ការបំពេញទស្សនកិច្ចទីក្រុងប៉េកាំងនេះ គោលបំណងដើម្បីពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ របស់ចិនលើការងារទំនាក់ទំនង, បញ្ហាកំពុងកើតឡើងនៃមេរោគកូរ៉ូណា និងជាពិសេសបញ្ជាក់ពីជំហរអំពីការមិនជម្លៀសមន្រ្តី និងនិស្សិតរបស់កម្ពុជាចេញពីប្រទេសចិន ព្រមទាំងបញ្ជាក់មិនបិទជើងហោះហើរជាមួយចិននោះឡើយ។

ការទៅទស្សនកិច្ចទីក្រុងប៉េកាំងរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ, ធ្វើឡើងបន្ទាប់ពីនៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងការបរទេសចិន បានជូនដំណឹងក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ភាគីចិនមិនអាចរៀបចំជូនសម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរទៅកាន់ទីក្រុង​ វូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា។

ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរបស់សម្តេចចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ ខាងរដ្ឋាភិបាលចិន បានអនុញ្ញាតឲ្យសម្តេចធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគីមិត្តចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់ រដ្ឋាភិបាលចិន ចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុង វូហាន ក៏ដូចជានៅទូទាំងប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន នឹងត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោងប្រមាណ២២៖៣០នាទីយប់ថ្ងៃទី០៥​ ខែកុម្ភៈ ឆ្នាំ២០២០៕