(ភ្នំពេញ)៖ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលបានធ្វើសកម្មភាពឆក់ សម្ភារមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ ចយ យក្ស ហៅយក្ស អាយុ១៧ឆ្នាំ មុខរបរប៉ូលាឡាន ស្នាក់នៅផ្ទះលេខ១៣ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ និងទី២៖ ឈ្មោះ ចាន់ រ៉ាវុធ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ១៣៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពឲ្យដឹងថា ពិតជាបានធ្វើសកម្មភាពឆក់ កាបូបស្ពាយពីស្រី្តជាជនជាតិចិន ដែលកំពុងធ្វើដំណើរលើដងផ្លូវពិតប្រាកដមែន ទើបកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានប្រមូលវត្ថុតាង និងជនសង្ស័យទាំង០២នាក់ ទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់៕