(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានបើកទូលាយដល់សារធាណជន ជាពិសេសនិស្សិតកម្ពុជា មកចុះទស្សនកិច្ចក្នុងរោងចក្រផលិតបេតុងលាយស្រេច រោងចក្រផលិតក្បឿង និងទុយោជីបម៉ុង។

ជាក់ស្តែងពីចុងមករា ឆ្នាំ២០២០នេះ និស្សិតប្រមាណ៥០នាក់ពីសាកលវិទ្យាល័យវេស្ទើន បានចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតក្បឿង និងទុយោជីបម៉ុង ក្នុងគោលបំណងស្វែងយល់ពីការប្រើប្រាស់ជំនាញបច្ចេកទេសដែលពួកគាត់កំពុងសិក្សា និងការអនុវត្តជាក់ស្តែងក្នុងរោងចក្រ ដើម្បីទទួលបានបទពិសោធន៍បន្ថែមលើចំណេះដឹង និងជំនាញរបស់ខ្លួន។

ក្នុងកំឡុងពេលទស្សនារោងចក្រ អ្នកជំនាញបានបង្ហាញពីចំណេះដឹងសំខាន់ៗ អំពីបច្ចេកទេសផលិត ក្បឿង និងទុយោ ជីបម៉ុង ដោយបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេស អ៊ីតាលី រួមជាមួយការប្រើប្រាស់វត្ថុធាតុដើមដ៏ល្អឥតខ្ចោះក្នុងការផលិតរបស់រោងចក្រ ។

តំណាងអ្នកចូលរួម ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចនៅរោងចក្រផលិតក្បឿង និង ទុយោ ជីប ម៉ុងថា នេះគឺជាលើកទី១សម្រាប់ពួកគាត់ដែលមានឱកាសបានមកទស្សនារោងចក្រផលិតក្បឿង និង ទុយោដោយផ្ទាល់ ថែមទាំងផ្តល់លទ្ធភាពឱ្យពួកគេបានស្វែងយល់លម្អិតអំពីស្ថានភាព និងលក្ខខណ្ឌការងារជាក់ស្តែងមុនពេលចេញបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រផ្សេងៗ។

ឆ្លៀតក្នុងឱកាសនេះផងដែរ និស្សិតក៏បានចូលទស្សនារោងចក្របេតុងលាយស្រេច និងបានឃើញការអនុវត្តផ្ទាល់ពីដំណើរការនៃការលាយបេតុង ដើម្បីឱ្យត្រឹមត្រូវតាមលក្ខណៈស្តង់ដា ក៏ដូចសង្វាក់ផលិតកម្មរបស់រោងចក្រទាំងមូល៕