(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ដែលកំពុងរីករាតត្បាតយ៉ាងខ្លាំងនោះ មិនមែនជាបញ្ហាសម្រាប់តែចិននោះទេ គឺជាបញ្ហារបស់ពិភពលោកទាំងមូល ដែលត្រូវរួមគ្នាដោះស្រាយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល មុនពេលអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ដែលផ្តើមចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានកើតមានទៅលើមនុស្សប្រមាណ ២០,៦២៨នាក់ និងស្លាប់បាត់បង់ជីវិត ៤២៧នាក់។ ជាមួយគ្នានេះ អ្នកកើតជំងឺ ៦៣២នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ ក្រៅពីប្រទេសចិន ជំងឺនេះ បានរីករាលដាលទៅដល់ប្រទេសចំនួន២៣ផ្សេងទៀត មាននៅតំបន់អាស៊ី អឺរ៉ុប អាហ្រ្វិក និងអូស្ត្រាលី។

រដ្ឋាភិបាលចិន បាននិងកំពុងប្រយុទ្ធប្រឆាំងជាខ្លាំងជាមួយនឹងការរីករាតត្បាតនៃជំងឺនេះ។ បើទោះបីជាជំងឺផ្លូវដង្ហើមថ្មី «កូរ៉ូណា» កំពុងរាតត្បាតខ្លាំងយ៉ាងណាក្តី តែការអន្តរាគមន៍ពីអង្គការអន្តរជាតិ និងបណ្តាប្រទេសនានាហាក់មិនទាន់មានសភាពផុលផុសនៅឡើយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់លោកស្រីប្រធានស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកលថា ការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើម «កូរ៉ូណា» មិនមែនជាកង្វល់សម្រាប់តែប្រទេសចិននោះទេ គឺជាកង្វល់របស់ពិភពលោកទាំងមូល ដែលត្រូវរួមគ្នារកវិធីដោះស្រាយ។

យោងតាមការចេញផ្សាយនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មិនមែនតែជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់លោកស្រី ហាក់ ចាហានមូន ទៀតថា ការផ្ទុះជំងឺប្រភេទថ្មីនេះ មិនមែនជាឧបសគ្គសម្រាប់សម្តេចនោះទេ ហើយសម្តេចមានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើងនេះ។

សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០កន្លងទៅ បានកោតសរសើររដ្ឋាភិបាលចិន ដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺប្រភេទថ្មីនេះ។ រដ្ឋាភិបាលចិន មិនត្រឹមតែទប់ស្កាត់មិនឱ្យរីកសាយភាយក្នុងប្រទេសចិនទេ តែបានទប់ស្កាត់កុំឱ្យរីករាលដាលទៅកាន់ពិភពលោកផងដែរ ដោយបិទជើងហោះហើរ និងបិទរាល់មធ្យោបាយធ្វើដំណើរចេញពីទីក្រុងវូហាន ទៅកាន់តំបន់ដទៃទៀត៕