(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំកែសម្រួលសមាសភាពថ្នាក់ដឹកនាំនៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការ​សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីស្តីការក្រសួងដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ និងតំណាងអភិបាលរាជធានីខេត្តទាំង ២៥ផងដែរ។

ក្នុងកិច្ចប្រជុំកែសម្រួលសមាសភាពថ្នាក់ដឹកនាំគឺយោងលើអនុក្រិត្យលេខ ១៤១ អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត​ដឹកជញ្ជូន​លើសទម្ងន់កម្រិតកំណត់ ក្នុងគោលបំណងបំលាស់ប្តូរមន្រ្តីអនុវត្ត ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ និងបង្កើនវិធានការយ៉ាងម៉ឺងម៉ាត់​លើយានយន្តដឹកជញ្ជូនលើស​ទម្ងន់​កម្រិតកំណត់។

បន្ថែមពីលើការកែប្រែសមាសភាពនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីប្រព័ន្ធបច្ចេកវិទ្យាថ្មីដោយប្រើប្រាស់កាមេរ៉ា និងជញ្ជីងស្វ័យប្រវត្ត ដើម្បីជា​យន្តការ​ទប់ស្កាត់ និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនដែលអាចបញ្ជូនព័ត៌មាន បានយ៉ាងរហ័សដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចពាក់ព័ន្ធ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជូនដំណឹងដល់សមាជិកអង្គប្រជុំអំពីគម្រោងបង្កើតកម្មវិធីរាយការណ៍យានយន្តដឹកលើសទម្ងន់ និងគ្រោះថ្នាក់ចរាចរណ៍​តាមរយៈ​ទូរសព្ទដៃ ដូចកម្មវិធីថែទាំផ្លូវ Road Care Mobile App។ ក្នុងកិច្ចប្រជុំនេះក៏ទទួលបានធាតុចូលសំខាន់ៗមួយចំនួនផងដែរ ពីក្រសួងពាក់ព័ន្ធ និងតំណាងរដ្ឋបាលទាំង ២៥រាជធានីខេត្ត ដើម្បីស្វែងរកយន្តការ ទប់ស្កាត់បទល្មើសនៃការដឹកលើសទម្ងន់កម្រិតកំណត់។

គួរបញ្ជាក់ថា នេះជាការកែសម្រួលទ្រង់ទ្រាយធំលើមន្រ្តីបំរើការនៅអង្គភាពស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មន្ត្រីនៃលេខាធិការដ្ឋាននៃ​គណៈ​កម្មការសម្របសម្រួលអចិន្ត្រៃយ៍ និងគណៈកម្មការសម្របសម្រួលអចិន្ត្រៃយ៍៕