(កំពង់ឆ្នាំង)៖ លោក សាន់ យូ សមា ជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងថា ក្រុមហ៊ុនអចលនទ្រព្យ ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ កសាងហេដ្ឋារចនា សម្ព័ន្ធនានា រួមមាន ផ្លូវថ្នល់ ទឹក ភ្លើង សាលារៀន មន្ទីពេទ្យ ទីផ្សារ និងក៏ត្រូវមានសាលាបុណ្យផងដែរ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមករស់នៅទីនេះ មានសុវត្ថិភាពល្អ។

លោកបានថ្លែងបែបនេះ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២០ នៅក្នុងពិធីសម្ពោធបើកលក់ដីឡូតិ៍ជាផ្លូវការ របស់ក្រុមហ៊ុនឋានសួគ៌ថ្មី និងពិធីទទួលទានអាហារសាមគ្គី ដែលបានធ្វើឡើងនៅលើទីតាំងដីឡូតិ៍ ក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។

លោកបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យមានសុខសន្តិភាព យ៉ាងពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានជីវភាពធូរធាជាលំដាប់។ ជាក់ស្តែង មានក្រុមហ៊ុនវិនិយោគទុននានាបានអភិវឌ្ឍន៍ លើគ្រប់វិស័យ នៅតាមមូលដ្ឋាន ជាឋពិសេសបានអភិវឌ្ឍន៍ផ្នែកដីធ្លី ឱ្យក្លាយទៅជាទីផ្សារ ទីប្រជុំជន និងក្លាយទៅជាទីក្រុងរណប ដើម្បីបម្រើតម្រូវការ របស់ប្រជាពលរដ្ឋ។

ក្នុងនាមសមាជិកក្រុមប្រឹក្សាខេត្ត លោក សាន់ យូ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងអភិវឌ្ឍន៍ដីនៅទីនេះ ឲ្យក្លាយទៅជាទីប្រជុំជនរបស់ក្រុមហ៊ុន លោកក៏សំណូមពរផងដែរ ដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវ ជួយសម្រួលឱ្យក្រុមហ៊ុនឋានសួគ៌ថ្មី បានដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ទៅតាមគម្រោងអភិវឌ្ឍន៍ នៅលើទីតាំងដីឡូតិ៍នេះ ដើម្បីទទួលបានការគាំទ្រពីអតិថិជន។ ដូច្នេះដើម្បីទទួលបាននូវសមិទ្ទិផលថ្មីៗនេះ ត្រូវតែចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស។

លោកឧកញ៉ា លី ម៉ាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឋានសួគ៌ថ្មី ក៏បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនឋានសួគ៌ថ្មី មាននៅទីតាំងដីទំហំ៥៣ហិកតា ដែលបានពុះជាដីឡូតិ៍ជាង២ពាន់ឡូតិ៍ លក់បង់រំលោះជូនប្រជាពលរដ្ឋ ដោយគ្មានការប្រាក់ រយៈពេល៣ឆ្នាំ។ ក្នុងនោះដែរ ក្រុមហ៊ុនក៏មាន គម្រោងសាងសង់ផ្សារនៅលើដីទំហំ ១ហិកតាកន្លះ កសាងសួនច្បារលើដី ២.៥០ហិកតា, កសាងទីលានបាល់ទាត់លើផ្ទៃដីជាង ១ហិកតា, កសាងឲ្យមានមណ្ឌលសុខភាព និងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក និងភ្លើង ឲ្យមានគ្រប់គ្រាន់ផងដែរ។

ចំណែក ប្រធានភូមិបាលស្រុករលាប្អៀរ លោក លឹម បូផា ក៏បានបញ្ជាក់ឱ្យដឹងដែរថា ទីតាំងដីក្រុមហ៊ុន ឋានសួគ៌ថ្មីនេះ មានបណ្ណកម្មសិទ្ធត្រឹមត្រូវ ហើយក៏មានគម្រោងកសាងផ្សារ សួនច្បារ តារាងបាល់ទាល់ និងកសាងផ្លូវថ្នល់ធំ ទំហំ ១៨ម៉ែត្រ និង១២ម៉ែត្រ ក្រាលថ្មម៉ិច ដែលគម្រោងកសាងខាងលើនេះ គឺត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ ពីស្ថាប័នជំនាញពាក់ព័ន្ធ និងត្រូវតែកសាងត្រឹមត្រូវទៅតាមបទដ្ឋាន ស្តង់ដារ បច្ចេកទេស។

លោក សេន សារ៉េត មេឃុំអណ្តូងស្នាយ តំណាងឲ្យប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់ក្រុមហ៊ុនឋានសួគ៌ថ្មី ដែលបានជ្រើសរើសយកទីតាំងនេះ ធ្វើជាតំបន់អភិវឌ្ឍន៍ ដើម្បីពង្រីកមូលដ្ឋាន ឲ្យក្លាយជាទីប្រជុំជន ដែលអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ សង្ឃឹមថាក្រុមហ៊ុននិងអនុវត្តគម្រោង របស់ខ្លួនឲ្យមានភាពជោគជ័យតាមការសន្យា។ ទន្ទឹមគ្នានេះដែរ លោកមេឃុំក៏បានថ្លែង អំណរគុណផងដែរ ចំពោះប្រធានក្រុមហ៊ុន ដែលបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំចំនួន៥០ គ្រួសារ និងក៏បានរៀបចំ ការជួបជុំហូបបាយសាមគ្គី ជូនប្រជាពលរដ្ឋជាង ៤០០នាក់៕