(កំពង់ចាម)៖ លោកវេជ្ជបណ្ឌិត តាន់ គឹមម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមូនិធិហូបខេមបូឌា Hope Cambodia បានដឹកនាំក្រុមគ្រូពេទ្យចក្ខុខ្មែរ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺភ្នែកឡើងបាយ ជំងឺភ្នែកដុំះកន្ទុយថ្លែនជូនប្រជាពលរដ្ឋចំនួនសរុប ១៩៨នាក់ ដោយឥតគិតថ្លៃ។

ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២០នេះ ស្ថិតនៅបរវេណសាលាឃុំសំបូរ ក្នុងភូមិសំបូរ ឃុំសំបូរស្រុកបាធាយ ខេត្តកំពង់ចាមដោយមានការចូលរួមពីលោកស្រី តាន់ សុគន្ធមាលា ប្រធានគណៈពង្រឹងឃុំសំបូរ និងក្រុមការងារជាច្រើនរូបទៀត។

លោក ង៉ា ឆៃលាង មេឃុំសំបូរ បានឡើងថ្លែងអំណរគុណដល់គណៈពង្រឹងឃុំ ជាពិសេសលោកវេជ្ជបណ្ឌិតដែលដឹកនាំក្រុមគ្រូពេទ្យចក្ខុខ្មែរមកពេលនេះដែរ ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់លើសុខមាលភាពប្រជាជន ជនចាស់ជរាដែលគ្មានលទ្ធភាពទៅព្យាបាលនៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត តាំង គីមម៉េង បានសំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋនៅក្នុងកម្មវិធីនោះផងដែរ ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់លើ សុខទុក្ខប្រជារាស្រ្តនៅតាមទីជនបទ។ លោកបន្តថា ក្នុងនាមជាប្រធានមូលនិធិហូបខេមបូឌាបានសម្របសម្រួល ដឹកនាំក្រុមគ្រូពេទ្យចក្ខុខ្មែរមកទីនេះ ដើម្បីផ្តល់សេវាមនុស្សធម៌ជូនពលតដ្ឋដែលប្រឈមនឹងបញ្ហាសុខភាពចក្ខុ ហើយសេវាសុខភាពមូលដ្ឋានមិនបានឆ្លើយតបនូវតម្រូវការ ក៏ដូចជាខ្វះលទ្ធភាពជាដើម។

លោកវេជ្ជបណ្ឌិតបានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណពង្រឹងនៃឃុំសំបូរ ដែលបានសម្របសម្រួល ពលរដ្ឋឲ្យអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាន នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល និងបង្កប់នូវស្នាមញញឹមគ្រប់ៗគ្នា។

ក្រុមគ្រូពេទ្យបានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានបន្តវាស់ភ្នែក ពិនិត្យសុខភាពជូនលោកយាយលោកតា ពលរដ្ឋ ថែមទាំងចែកជូនវែនតាសម្រាប់ពួកគាត់ ដែលមានបញ្ហាភ្នែកឡើងបាយខ្លាំង កើតជំងឺកន្ទុយថ្លែនជាដើមដើម្បីកាត់បន្ថយការប៉ះពាល់នៃពន្លឺថ្ងៃ។

ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នាពេលនេះ សុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះយ៉ាងជ្រាលជ្រៅចំពោះលោកវេជ្ជបណ្ឌិត និងក្រុមការងារដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋាន។

ជាលទ្ធផលក្នុងការចុះពិនិត្យព្យាបាលនេះ លោកយាយ លោកតា និងពលរដ្ឋ ដែលបានទទួលបានការពិនិត្យ ព្យាបាលសរុប ១៩៨នាក់ ក្នុងនោះមានចំនួន ៣៩នាក់ដែលត្រូវទទួលការវះកាត់នៅឯភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យខ្មែរសាយនេះបានចុះពិនិត្យជំងឺភ្នែកក្នុងប្រទេកម្ពុជាតាំងពី២០១២ រហូតមកដល់ពេលនេះ មានលោកយាយលោកតា និងពលរដ្ឋចំនួន ២៥០០០នាក់ដែលទទួលការព្យាបាលពីក្រុមគ្រូពេទ្យចក្ខុខ្មែរដោយបេសកកម្មរបស់ក្រុមគ្រូពេទ្យ គឺពិនិត្យនៅទីតាំង ហើយនាំយកប្រជាពលរដ្ឋដែលត្រូវទទួលការវះបកជំងឺកន្ទុុយថ្លែន និងជំងឺភ្នែកឡើងបាយ មកព្យាបាលនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅរាជធានីភ្នំពេញ ដោយស្នាក់នៅសណ្ឋាគារកំឡុងពេលព្យាបាល រហូតជាសះស្បើយ ទើបបញ្ជូនពួកគាត់ត្រឡប់មកស្រុកកំណើតវិញ៕