(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់មន្ត្រីអប់រំទូទាំងខេត្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់លើវិស័យអប់រំ ដែលជាវិស័យអាទិភាពទី១ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយនិរន្តរភាពតាមរយៈកំណែទម្រង់វិស័យអប់រំលើគ្រប់វិស័យ ដូចជាគុណភាពនៃការប្រឡង និងការតំឡើងប្រាក់បៀវត្សរ៍ ជូនគ្រូបង្រៀន និងបុគ្គលិកសិក្សាជារៀងរាល់ឆ្នាំ។

ការថ្លែងបែបនេះរបស់លោក ប្រាក់ សុវណ្ណ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០១៨-២០១៩ និងទិសដៅឆ្នាំសិក្សា២០១៩-២០២០ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តនិងប្រធាន អនុប្រធានការិយាល័យអប់រំក្រុង ស្រុកជាច្រើនរូបទៀត។

លោក ប្រាក់ សុវណ្ណ បានថ្លែងទៀតថា សន្និបាតអប់រំនាពេលនេះ គឺជាឱកាសឲ្យយើងជួបជុំគ្នា រវាងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ដើម្បីធ្វើការបូកសរុបវាយតម្លៃ នូវលទ្ធផលនៃការអនុវត្តគោលនយោបាយអប់រំ ជាពិសេផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដែលបានអនុវត្តកន្លងមក។ ទន្ទឹមនិងនោះ យើងក៏បានសម្រេចដាក់ចេញនូវវិធានការ និងទិសដៅការងារសម្រាប់ឆ្នាំសិក្សាថ្មីនេះ ឲ្យកាន់តែប្រសើរឡើងថែមទៀត ស្របទៅនឹងតម្រូវការចាំបាច់នៃការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស នៅគ្រប់កម្រិតសិក្សាទូទាំងខេត្ត។

ជាមួយគ្នានោះ លោកអភិបាលខេត្តព្រះវិហារ បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមគ្នា របស់លោក លោកស្រីក្នុងរយៈពេលនៃសន្និបាតនេះ ដោយបានចំណាយពេលវេលា ប្រាជ្ញា ស្មារតី ក្នុងការពិនិត្យឡើងវិញ អំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ សំដៅបង្កើនប្រសិទ្ធិភាព និងគុណភាពអប់រំ៕