(ស្វាយរៀង)៖ ការប្រកួតពានរង្វាន់ស្វាយរៀងខាប់រដូវកាលនេះ មានការចូលរួមចំនួន ៥១ក្រុម មានចំនួន ១០៧ប្រកួត ចាប់ផ្តើមដំណើរការរយៈពេល ៤ខែ ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២០ ដោយមានក្រុមកីឡាមកពីបណ្តាស្រុក-ក្រុងទាំង០៨ ទូទាំងខេត្តស្វាយរៀង។

ក្នុងនោះ មានកីឡាករ និងមន្ត្រីចូលរួមសរុបប្រមាណ១,៥០០នាក់ ដែលធ្វើឡើងនៅទីលានចំនួន២ គឺទីលានវិទ្យាល័យស្វាយរៀងសម្រាប់វគ្គជំរុះក្នុងពូល និងទីលានកីឡដ្ឋានខេត្តស្វារៀង នឹងធ្វើការប្រកួតវគ្គសំខាន់ៗ។

លក្ខខណ្ឌចូលរួម ក្រុមកីឡាទាំងអស់ត្រូវមានកីឡាករសញ្ជាតិខ្មែរ មានពីអាយុចាប់ពី ១៦ឆ្នាំឡើងទៅ មួយក្រុមមានសមាជិកច្រើនបំផុតចំនួន២៣នាក់ និងយ៉ាងតិចបំផុត ១៧នាក់ ហើយក្នុងមួយក្រុមអាចនាំយកកីឡាករក្រៅខេត្តចំនួន ៣នាក់ និង២០នាក់ទៀត ជាអ្នករស់នៅក្នុងខេត្តស្វាយរៀង ឬមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង។

រូបមន្ត នៃការប្រកួតរបស់ក្រុមទាំង ៥១ត្រូវបានបែងចែកចេញជា ១៣ពូល ដោយក្នុង ១ពូលមានចំនួន ៤ក្រុម សម្រាប់ពូលទី ១៣មានចំនួនតែ ៣ក្រុមប៉ុណ្ណោះ ហើយត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ដើម្បីយកក្រុមចំណាក់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ៣២ក្រុមបន្ត។ ដោយឡែក ក្រុមលេខរៀងទី៣ ល្អជាងគេក្នុងពូល ចំនួន ៦ក្រុមក៏មានឱកាសឡើងទៅវគ្គបន្តផងដែរ។ ចំពោះវគ្គ ៣២ក្រុម ១៦ក្រុម ៨ក្រុម ៤ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតដើម្បីជួបប្រកួតគ្នា។

គួរំលឹងផងដែរថា ពាន់រង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។

ការរៀបចំពានរង្វាន់ស្វាយរៀងខាប់នេះឡើង ក្នុងគោលបំណងបង្កើតឲ្យមានសកម្មភាពកីឡាដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជា ប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕