(បាត់ដំបង)៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមកការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបង លោក កុល វីរក្ស ព្រះចៅអធិការវត្តតាប៉ុន និងពុទ្ធបរិស័ទ្ធ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានអញ្ជើញរាប់បាតប្រគេនព្រះសង្ឃ ២៥៩អង្គឧទ្ទិសកុសលជូនដល់ជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចប្រាសាទបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង និងសមាជិកក្រុមការងារថ្នាក់ជាតិស្រុកឃុំភូមិ សិស្សានុសិស្ស និងពុទ្ធបរិស័ទ្ធចំនួន ៣វត្ត គឺវត្តតាប៉ុន វត្តរការ និងវត្តនរា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។

លោក កុល វីរក្ស បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរក្សាការពារសុខសន្តិភាពជូនប្រជាជន និងបានអនុវត្តគោលនយោបាយឈ្នះឈ្នះបង្រួបបង្រួមជាតិខ្មែរតែមួយឲ្យរស់នៅក្រោមម្លប់សន្តិភាពដោយទទួលបាជោគជ័យជាប្រវត្តិសាស្ត្រ។

លោក កុល វីរក្ស បានបញ្ជាក់ថា ទន្ទឹមនិងមានការអភិវឌ្ឍន៍មូលដ្ឋានមានរីកចម្រើនខ្លាំង ពិសេសផ្លូវថ្នល់ល្អជាងមុនច្រើននៅតាមមូលដ្ឋាននានាគ្រប់ទិសទី យាន្តជំនិះគ្រប់ប្រភេទក៏មានច្រើនរួមទាំងការគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋដែលបើកបរលើដងផ្លូវទូទៅពុំទាន់បានគោរពច្បាប់ចរាចរណ៍បានល្អទូលំទូលាយនៅឡើយ ទើបបណ្តាលធ្វើឲ្យមានអាត្រា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ឈានដល់ប្រកាសអាសន្នរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីប្រកាសជាផ្លូវការ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបន្តថា ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺយោងតាមសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៩កន្លងទៅនេះ មានកំណើនយ៉ាងគំហុក ទាំងស្លាប់ ទាំងរបួស និងការខូចខាចទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន បើប្រៀបធៀបនឹងឆ្នាំ២០១៨។

ជាក់ស្តែង អ្នកស្លាប់កើនឡើងចំនួន ២២០នាក់ស្មើនឹង១២% និងអ្នករបួសកើនឡើងចំនួន ១.៣៧១នាក់ ស្មើនឹង២៩%។ មូលហេតុនេះដោយសារកត្តាសំខាន់បីយ៉ាងរួមមាន៖

*កត្តាកំណើនយានយន្ត ប្រមាណ៣៧%
*កត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលមិនទាន់មានតុល្យភាពនឹងកំណើនយានយន្ត
*កត្តាឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវដែលមិនគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់។

ដោយសារមានអ្នករងគ្រោះស្លាប់ និងរបួសច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើងនេះហើយ ទើបក្រុមការងារថ្នាក់ជាតិចុះជួយមូលរដ្ឋានស្រុកសង្កែ និងសហការី បានចូលរួមជាមួយ ចៅអធិការវត្តតាប៉ុន និងវត្តមួយចំនួនទៀត ធ្វើពិធីសាសនារយៈពេល ៣ថ្ងៃមកនេះដោយមានការសូត្រមន្ត ប្រោសព្រំតាមដងផ្លូវថ្នល់ ដេញចង្រៃឧបទ្រុព និងបួងសួងសុំសេចក្តីសុខ សុខសន្តិភាព ការពារសន្តិភាពនិងឧទ្ទិសកុសលដល់អ្នកស្លាប់សុំកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត។

លោកបានអំពានាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបើកបរយានយន្តគ្រប់ប្រភេទលើដងផ្លូវ ត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់បំផុត ដូចជាអ្នកបើកបររថយន្ត ត្រូវពាក់ខ្សែ ក្រវ៉ាត់ បើកក្នុងល្បឿនកំណត់ អ្នកជិះម៉ូតូទាំងអ្នកឌុប និងអ្នកជិះពីក្រោយត្រូវពាក់មួយសុវត្តិភាពជាប្រចាំមិនថាជិត ឬឆ្ងាយ ការពាក់មួកសុវត្តិភាពគឺ ការពារអាយុជីវិតខ្លួនយើង មិនមែនពាក់មួកខ្លាច នគរបាលចរាចរណ៍ធ្វើការផាកពិន័យនោះទេ មួកសុវត្តិភាព១ គឺការពារអាយុជីវិតបានម្នាក់ ឬ ថ្ងៃនេះ និងថ្ងៃស្អែកគ្មានការគ្រោះថ្នាក់ចរាចរណ៍។

លោក កុល វីរក្ស បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារ និងថែរក្សាសន្តិភាព ដែលរកបានដោយលំបាកបំផុតនេះ ឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងប្រកបដោយនិរន្តភាព សំរាប់អនាគតកូនចៅជំនាន់ក្រោយតទៅ ក្រោមទិសស្លោកថា មានថ្ងៃ៧មករា ទើបមានសន្តិភាព មានសន្តិភាពទើបមានអ្វីៗទាំងអស់ដល់សព្វថ្ងៃនេះ «អរគុណសន្តិភាព»៕