(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស។ ពិធីបិទសន្និបាតនេះធ្វើឡើងវិមានសន្តិភាព។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានបើកសន្និបាត និងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានបិទសន្និបាតបូកសរុបការងារសម្រេច បានក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារ ដែលត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០២០។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន វាយតំលៃខ្ពស់និងកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗជាច្រើន ដែលថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់ក្រសួងការបរទេស សម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងការបំពេញបេសកកម្មការទូតដ៏ស្វិតស្វាញ ខណៈដែលពិភពលោកកំពុងឆ្លងកាត់ដំណាក់កាលនៃការប្រែប្រួលដ៏ជ្រាលជ្រៅ មិនប្រាកដប្រជា និងស្មុគស្មាញ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកប្រធានបទធំ៣ មកវិភាគ វាយតំលៃ និងណែនាំ, ទី១, អំពីពិភពលោកយើង ទី២, សម្ពាធមកលើប្រព័ន្ធនៃរបៀបរបបដែល ផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិនេះ បានប៉ះពាល់បន្តដល់ប្រទេសនានាដែលតូចជាង ខ្សោយជាង ទី៣, ទិសដៅការងារការបរទេស។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជាច្រើនឆ្នាំមកហើយ យើងបានរស់នៅក្នុងពិភពលោកមួយដែលកំពុងមានការប្រែប្រួលយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញ ជាពិភពលោកមួយដែលកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល ឆ្ពោះទៅរកប្រព័ន្ធពហុប៉ូលដ៏សាំញាំ ដែលក្នុងនោះតួអង្គចាស់-ថ្មី រដ្ឋនិងមិនមែនរដ្ឋ កំពុងប្រកួតប្រជែងយ៉ាងតានតឹងដើម្បីគ្រប់គ្រង ចាត់ចែងនិងដោះស្រាយកិច្ចការនៃភពផែនដី។

* សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ឥឡូវនេះរបៀបរបបអន្តរជាតិដែលផ្អែកលើច្បាប់ និងប្រព័ន្ធពហុភាគីនិយម នេះកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរ។
ត្រង់នេះក៏មានការដេញដោលគ្នាច្រើនលើនិយមន័យនៃពាក្យ ”របៀបរបបអន្តរជាតិដែលផ្អែកលើច្បាប់” មិនខុសពីការដេញដោលគ្នាអំពីពាក្យ និយាមអន្តរជាតិ” (International Standard) នោះឡើយ។ តើអ្នកណាជាអ្នកបង្កើតនិងកំណត់ស្តង់ដារនិងរបៀបរបបអន្តរជាតិនោះ ហើយតើស្តង់ដារនិងរបៀបរបបនោះ ដាក់ឱ្យអ្នកណាជាអ្នកអនុវត្ត? ពេលខ្លះ អ្នកបង្កើតប្រែក្លាយទៅជាអ្នកបោះបង់ទៅវិញ នៅពេលដែលស្តង់ដារ របៀបរបបនោះលែងផ្តល់ ឬ ប្រែទៅជាផ្ទុយនឹងផលប្រយោជន៍ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ពាធមកលើប្រព័ន្ធនៃរបៀបរបបដែលផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិនេះ បានប៉ះពាល់បន្តដល់ប្រទេសនានា ដែលតូចជាងខ្សោយជាង ទោះបីក្នុងកំរិតនិងរូបភាពខុសគ្នាក៏ដោយ។ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយប្រទេសធំ សង្កត់លើប្រទេសតូចមិនមែនជារឿងត្រឹមត្រូវនោះទេ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពិតហើយកម្ពុជាមានឥទ្ធិពលតិចតួចប៉ុណ្ណោះ ក្នុងការកសាងរបៀបរបបអន្តរជាតិ ប៉ុន្តែមិនមែនបានន័យថា យើងមិនអាច ជួយអ្វីបានសោះនោះទេ។ កម្ពុជាបានបង្ហាញទៅសហគមន៍អន្តរជាតិអំពីតួនាទីកាន់តែសកម្មរបស់ខ្លួន នៅក្នុងកិច្ចការពិភពលោក និងតំបន់ ដោយចូលរួមវិភាគទាននានា ក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងសង្គម តួយ៉ាងការបំពេញភារកិច្ចជាអនុ-ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ជាសមាជិក ECOSOC និងអង្គការអន្តរជាតិមួយចំនួនទៀត បញ្ជូនកងកំលាំងរក្សាសន្តិភាព ព្រមទាំងចូលរួមក្នុងការប្រយុទ្ធនឹងការប្រឈមនានានៃពិភពលោក មានការប្រឆាំងនឹងភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ជាដើម។

* សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ថ្មីៗនេះយើងក៏បានឃើញនូវភាពអន្តរាយនានា ដែលបានកើតឡើងក្រោយការជ្រៀតជ្រែករបស់មហាអំណាចធំៗ ក្នុងនាមនៃការស្តារលទ្ធិប្រជាធិបតេយ្យ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យដូចគ្នា តែតូចជាងនិងខ្សោយជាងនោះ នៅតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិក អាមេរិកឡាទីន ឬនៅអាស៊ី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រឹមហេតុផលរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះទេ សូម្បីរឿងដាំដូងប្រេង ក៏ខ្លាចទៅបញ្ហារវាងប្រទេស និងប្រទេសដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រឈមធំៗជាសកលដូចជាការប្រែប្រួលធាតុអាកាស ភេរវកម្ម បញ្ហាជនភៀសខ្លួន ឧក្រឹដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧក្រឹដ្ឋកម្មឆ្លងដែន បញ្ហាជំងឺឆ្លង (តួយ៉ាង Corona virus នៅ Wuhan ថ្មីៗនេះ) ។ល។ នឹងនៅតែបន្តចោទជាគ្រោះថ្នាក់ ហើយទាមទារឱ្យមានការប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីរកដំណោះស្រាយឆ្លើយតប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសធំៗ គួរជ្រើសរើសការជួយជ្រោមជ្រែងកម្ពុជាឱ្យកាន់តែខ្លាំងឡើយ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រឈម ការប្រកួតប្រជែងនៅក្នុងពិភពលោក នឹងមានការប្រកួតប្រជែងក្នុងភាពមិនប្រកដប្រជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្ត្រីមិនធ្វើការងារតម្រូវចិត្តប្រទេសណាមួយឡើយ ហើយក៏មិនធ្វើឱ្យខូចប្រយោជន៍ជាតិនោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានមានប្រទេសតូច មានប្រទេសធំ មានប្រទេសអ្នកមាន និងអ្នកក្រ តែមិនមានបងតូចបងធំនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាបែកបាក់នៅតំបន់សហគមន៍អឺរ៉ុប គឺជាមេរៀនមួយសម្រាប់ពង្រឹងសហគមន៍អាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អឺរ៉ុប កំពុងមានទំនាក់ទំនងមិនល្អជាមួយអាស៊ាន។

* សម្តេចតេជោ បានចោទសួរថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាចដើរលឿនទេ រវាងអឺរ៉ុប និងអាស៊ាន បើអឺរ៉ុបមានឥរិយាបថច្រៀតជ្រែកប្រទេសអាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលការណ៍កុងសង់ស៊ីស គឺជាគោលការណ៍គ្រឹះសម្រាប់ភាពរឹងមាំរបស់អាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរមានការយោគយល់ចំពោះឥណ្ឌា ដែលរារែកក្នុងការចុះកិច្ចព្រមព្រៀង RCEP ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានត្រូវធ្វើសំយោគចាប់យកកូរ៉េខាងត្បូង និងឥណ្ឌា ដើម្បីភាពរឹងមាំរបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសេចក្តីរីករាយ ចំពោះផ្លែផ្កាដែលក្រសួងសម្រេចបានក្នុងការកែទម្រង់ផ្ទៃក្នុង តាមរយៈនៃការបញ្ចូលប្រព័ន្ធគុណធិបតេយ្យនៅក្នុងការតែងតាំង និងតំឡើងតួនាទី និងការកសាងសមត្ថភាពជំនាញវិជ្ជាជីវៈ ដែលប៉ុន្មានឆ្នាំចុងក្រោយនេះមានការលើកកម្ពស់គួរឱ្យកត់សំគាល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពី៤១ឆ្នាំមុន សម្តេចបង្កើតក្រសួងការបរទេសដោយផ្ទាល់ជាមួយមនុស្សត្រឹមតែ៣នាក់ប៉ុណ្ណោះ ជាមួយអាយុមិនដល់២៧ឆ្នាំនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលបង្កើតក្រសួងការបរទេសហូបបាយលាយពោត តែបច្ចុប្បន្នមន្ត្រីការទូតមានរថយន្តជិះ ស្លៀកពាក់ល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាព ចំពោះការវិវឌ្ឍន៍របស់ក្រសួងការបរទេស។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងពេលចេញទៅបំពេញការងារលើកដំបូងជាអ្នកការទូតកម្ពុជា នៅទីក្រុងមូស្គូ ធ្វើឱ្យសម្តេចសម្រាន្តមិនលក់លើយន្តហោះ ព្រោះគិតថាប្រទេសកម្ពុជាតូច រុស្ស៉ីធំ សម្តេចក្មេង រដ្ឋមន្ត្រីការបរទេសរុស្ស៉ីធំ។ តែចុងក្រោយសម្តេចបានគិតថា កម្ពុជាទោះតូច តែជាប្រទេសមួយ ហើយសម្តេចក្មេង តែជាតំណាងឱ្យប្រទេសមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីការទូតកម្ពុជានាពេលនេះ គឺសំណាងខ្លាំងណាស់ តែជំនាន់សម្តេចធ្វើការទូតមានប្រាក់ត្រឹម ៥០ដុល្លារប៉ុណ្ណោះដាក់តាមខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវឱ្យនរណាមកដឹកច្រមុះកម្ពុជា ហើយក៏មិនយកអធិបតេយ្យជាតិ ទៅប្តូរនឹងជំនួយ ឬការអនុគ្រោះណាមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានន័យនោះឡើយ បើជាប្រទេសមួយមិនអាចអនុវត្តន៍ច្បាប់បាន ហើយធ្វើតាមការបង្គាប់បញ្ជារបស់ប្រទេសណាមួយនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសជាមិត្តទាំងអស់ ដែលបានផ្តល់ជំនួយសម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកការទូតឈ្លាសវៃ និងស្មោះត្រង់ចំពោះជាតិ ទើបអាចលើកស្ទួយ និងការពារផលប្រយោជន៍គោលរបស់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដែលនឹងប្រមូលផ្តុំមេដឹកនាំពី៥១ប្រទេស និងប្រធានស្ថាប័នតំបន់២ ព្រមជាមួយការចាត់តាំងរៀបចំព្រឹត្តិការណ៍ចំនួន៧ទៀតនោះ គឺទាមទារកិច្ចប្រឹងប្រែងថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាភស្តុភារ ហរិញ្ញវត្ថុ បច្ចេកទេស ទីតាំង ពិធីការ និងការធានាសន្តិសុខខ្ពស់បំផុត។ កម្ពុជាប្តេជ្ញានឹងសម្រេចកិច្ចការនេះប្រកបដោយកិត្តិយសនិងជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការនូវការទទួលធ្វើជាម្ជាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ,

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៥១នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News.៕