(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះតូបលក់ឥវ៉ាន់ប្រមាណ ៣០តូប ក្នុងផ្សារឯកជនមួយ នៅខណ្ឌមានជ័យ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹកទាបភ្លឺ ដោយរងការខូចខាត ខ្ទង់ម៉ឺនដុល្លារ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៤ព្រឹកទាបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

លោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះថា ម្ចាស់ដីឡូតិ៍ដែលបង្កើតផ្សារមានឈ្មោះ ចាន់ ធូ ភេទស្រី អាយុ៦០ឆ្នាំ ហើយតូបប្រមាណ ៣០តូប ត្រូវឆេះបំផ្លាញ តែពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

បើតាមលោក ព្រហ្ម យ៉ត រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ត្រូវបានបញ្ជូនទៅពន្លត់ និងបានប្រើប្រាស់ទឹកអស់ចំនួន ១២រថយន្ត ហើយរថយន្តជំនួយមកពីកងរាជអាវុធហត្ថចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលមានភ្លើងគេបានឮលំលេងផ្ទុះ និងឆ្លងចរន្តអគ្គិសនី នៅបង្គោលភ្លើងរួចក៏រាលដាលដល់តូបលក់ខោអាវខាងលើ ភ្លាមៗនោះប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចជំនាញខាងបង្ការ និងពន្លត់អគ្គិភ័យឱ្យចេញមកជួយអន្តរាគមន៍ ដើម្បីបាញ់ទឹកទប់ស្កាត់កុំឱ្យមានការឆាបឆេះរាល់ដាលជាបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា តូបលក់ឥវ៉ាន់ និងតូបលក់ខោអាវជាច្រើនតូប ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់អ្វីឡើយ។ ចំពោះមូលហេតុ នៃការឆាបឆេះនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ផងដែរ៕