(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ចូលជួបពិក្សាការងារទ្វេភាគីជាមួយ លោក ហ៊ូលូហ្ស៊ី អាការ (Hulusi AKAR) រដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋតួកគី នៅរដ្ឋធានីអង់ការ៉ា។

ប្រតិភូអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ រួមមាន៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ។

ក្នុងឱកាសនោះ លោក Hulusi AKAR រដ្ឋមន្ត្រីការពារជាតិតួកគី បានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា នៅសាធារណរដ្ឋតួកគី។ លោកបានបញ្ជាក់ថា ទោះបីជាប្រទេសទាំងពីរកម្ពុជា តួកគី នៅឆ្ងាយពីគ្នាពិតមែន ក៏ប៉ុន្តែយើងអាចធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយគ្នានៅលើវិស័យជាច្រើន រវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការពារជាតិតួកគី បានចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ នៅសាធារណរដ្ឋតួកគី ពិតជាមានសារៈសំខាន់ ពីព្រោះដំណើរទស្សនកិច្ចនេះ បានបង្កើតឱកាសមួយដ៏ល្អសម្រាប់ឲ្យកងទ័ពទាំងពីរ បានធ្វើការចែករំលែក ចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីការហ្វឹកហ្វឺនកងទ័ព តាមរយៈការផ្លាស់ប្ដូរការសិក្សាក្នុងបណ្ឌិតសភាយោធា ក៏ដូចជាការផ្លាស់ប្ដូរទៅវិញទៅមកយោធាចារ្យ តាមវិស័យផ្សេងៗទៀត។ លោកបានសម្ដែងនូវជំនឿជឿជាក់ថា «យើងអាចចែករំលែកបទពិសោធន៍ ចំណេះដឹងទៅទាក់ទង និងវិស័យការពារជាតិ និងធ្វើការងាររួមគ្នា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ក៏ដូចជាដើម្បីបុព្វហេតុសន្តិភាព និងស្ថេរភាពក្នុងតំបន់ផងដែរ»។

មានមតិឆ្លើយតបវិញ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូការពារជាតិកម្ពុជា នៅប្រទេសតួកគីនេះ គឺជាលើកដំបូង ហើយក៏ជាការអនុវត្តនូវគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់មកក្នុងការពង្រឹង និងរៀបចំនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យយោធា កងទ័ពទាំងពីរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវជំនឿជឿជាក់ថា ទោះបីជាមិនទាន់មាននូវវិស័យជាច្រើន នៃកិច្ចសហប្រតិបត្តិការក្តី តែយើងបានសម្លឹងឃើញ ជាមួយនឹងការងារមួយចំនួនរួមមាន ការបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស ឧស្សាហកម្ម និងសម្ភារៈផ្នែកយោធាដែលមានខ្លះកន្លងមក។

ការផ្លាស់ប្តូរទស្សនៈយោបល់ ជាមួយនឹងការចែករំលែកព័ត៌មាន ភេវរកម្ម និង គោលនយោបាយ បទពិសោធន៍ទៅវិញទៅមកតាមរយៈជំនាញ នយោបាយការពារជាតិ និងអាចពិនិត្យពិគ្រោះគ្នា និងផ្តល់បទពិសោធន៍លើវិស័យ កងទ័ពជាមួយនឹងការធានា និងគោលការណ៍សង្គម ព្រមទាំងបញ្ហាមួយចំនួនទៀត។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា ដំណើរការអភិវឌ្ឍន៍ក្រោមទង់សុខសន្តិភាព និងឯកភាពជាតិពេញលេញក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យកម្ពុជាមានការលើកកម្ពស់ នូវកំណែទម្រង់នានាគ្រប់វិស័យ ទន្ទឹមនេះវិស័យកងទ័ព ក៏ត្រូវបានលើកម្ពស់សមត្ថភាពក្នុងការកសាងខឿនការពារជាតិ ហើយក៏បានរួមចំណែកក្នុងសន្តិភាពពិភពលោក តាមរយៈការបញ្ជូន កងកម្លាំងទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៦ មកប្រកបដោយជោគជ័យដ៏ធំធេង។

ក្នុងឱកាសអញ្ជើញបំពេញទស្សនៈកិច្ចជាផ្លូវការនៅសាធារណរដ្ឋតួកគី សម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងសមាជិកប្រតិភូអមដំណើរទាំងអស់ ក៏បានទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅអិនីកាបៀ និងទស្សនាសារមន្ទីរ អតាតៀក ស្ថិតនៅរដ្ឋធានីអង់ការ៉ា ផងដែរ៕