(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលហ៊ានចំណាយថវិកាទោះច្រើនប៉ុនណាក៏ដោយ ក៏ត្រូវតែចំណាយដែរ ដើម្បីចូលរួមជួយទប់ស្កាត់ការឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាថ្មី។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កដោយវីរុសកូរ៉ូណា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលនេះរាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់នៅក្នុងដៃ ដើម្បីចំណាយលើការងារនេះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយខ្វះការទទួលខុសត្រូវនោះទេ ប៉ុន្ដែនៅពេលនេះ មិនទាន់ដល់ដែលរាជរដ្ឋាភិបាលត្រូវចំណាយលុយនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា វិធានការចំពោះមុខនៅពេលនេះ ថវិការបស់ក្រសួងសុខាភិបាល មានគ្រប់គ្រាន់ណាស់ទៅហើយ សម្រាប់ចំណាយដើម្បីទប់ស្កាត់ការឆ្លងជំងឺ ដែលបង្កដោយវីរុសកូរ៉ូណា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមិនបញ្ជាក់ថា ថវិកាប៉ុន្មានទេក៏ប៉ុន្ដែដើរដល់ណា គឺរាជរដ្ឋាភិបាលនឹងចំណាយដល់នោះ ខ្ញុំបញ្ជាក់តែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ដោយមិនចាំបាច់បញ្ជាក់ដំបូងទេ ត្រូវចាយ១០០លាន ២០០លាន ៣០០លាន ១,០០០លាន រដ្ឋាភិបាលមានលុយក្នុងដៃ ដើម្បីនឹងចាយ ព្រោះមិនអាចទុកឲ្យប្រជាពលរដ្ឋស្លាប់ ដោយខ្វះការទទួលខុសត្រូវទេ រដ្ឋាភិបាលមានលុយ ប៉ុន្ដែឥលូវនេះមិនទាន់ដល់ដែលរាជរដ្ឋាភិបាល ត្រូវចំណាយលុយនោះទេ ថវិកាក្រសួងសុខាភិបាល វាគ្រប់គ្រាន់ដើម្បីចំណាយបែបនោះហើយ ខ្ញុំសូមបញ្ជាក់អំពីបញ្ហានេះ»

ទន្ទឹមគ្នានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល នៅតែជាអ្នកនាំមុខដើម្បីដោះស្រាយបញ្ហានេះ ដោយមានកិច្ចសហការទៅតាមវិស័យដែលមានការទទួលខុសត្រូវ ពីស្ថាប័នផ្សេង។

សូមជម្រាបថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពី ក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ ដែលឆ្លងជំងឺនេះឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត។

ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឱ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន ដោយមិនមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះឡើយ ខណៈដែលក្រុមគ្រួសាររបស់គាត់ទាំង៣នាក់ ពុំមានរោគសញ្ញានៃមេរោគកូរ៉ូណានោះទេ៕