(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ិល និង៥០០គីឡូវ៉ុល ភ្នំពេញ-ព្រះសីហនុ ត្រូវបានសាងសងរួចហើយ ហើយនៅថ្ងៃទី៣១ ខែមករា ឆ្នាំមករា ឆ្នាំ២០២០ខាងមុខនេះ នឹងធ្វើការសាកល្បងបញ្ជូនចរន្តអគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល ឆ្លងតាមខ្សែបញ្ជូនទៅខេត្តកោះកុង, ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ។

បើតាមសេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ ជាយថាហេតុកើតឡើងដោយសារការបញ្ជូនចរន្តអគ្គិសនី តាមបណ្តាញតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល និង៥០០គីឡូវ៉ុល សូមប្រជាពលរដ្ឋដែលរស់នៅតាមគន្លងខ្សែបណ្តាញបញ្ជូនក្នុងទឹកដីនៃខេត្តព្រះសីហនុ ខេត្តកោះកុង, ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល និងរាជធានីភ្នំពេញ ហាមប៉ះពាល់ និងឡើងបង្គោលនាំឲ្យមានគ្រោះថ្នាក់។

ខ្សែបណ្តាញបញ្ជូនអគ្គិសនីនេះរត់ឆ្លងកាត់ស្រុកមួយចំនួននៃខេត្ត-រាជធានីទាំង ៥រួមមាន ទី១៖ ខេត្តព្រះសីហនុ ក្នុងស្រុកស្ទឹងហាវ និងស្រុកកំពង់សិលា, ទី២៖ ខេត្តកោះកុង ក្នុងស្រុកស្រែអំបិល, ទី៣៖ ខេត្តកំពង់ស្ពឺ ក្នុងស្រុកភ្នំស្រួច, ស្រុកសំរោង និងក្រុងច្បារមន, ទី៤៖ ខេត្តកណ្តាល ក្នុងស្រុកអង្គស្នូល និងទី៥៖ រាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា៖