(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអញ្ជើញទាំងប្រធានភូមិបាល-អនុប្រធាន និងមន្ត្រីទូរទាំងការិយាល័យរៀបចំដែនដី នគររូបនីកម្ម សំណង់ និងភូមិបាលទាំងអស់មកប្រជុំ ដើម្បីស្វែងរកការពិត ក្រោយមានការរិះគន់លើការងាររបស់ប្រធានភូមិបាល។

លោក ឃឹម ស៊ុនសូដា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh news ឲ្យដឹងថា «នៅក្នុងអង្គរប្រជុំនោះ គឺមានការឯកភាពគ្នា ខ្ញុំបានប្រធានការិយាល័យរៀបចំការងារឡើងវិញ ហើយប្រើប្រាស់មន្ត្រី ក្របខណ្ឌឲ្យអស់លទ្ធភាព មុននឹងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាមកបំពេញតួនាទីជួយ»។ នៅចំពោះមុខអភិបាលខណ្ឌកំបូល ភាគីទាំងសងខាងបានយល់ព្រមឯកភាព គ្នាសន្យាថា នឹងថ្ពួកដៃគ្នាធ្វើការដើម្បីបម្រើសេវា ជូនប្រជាពលរដ្ឋឲ្យបានល្អ ហើយលោកអភិបាលខណ្ឌ បានណែនាំឲ្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ឲ្យមានសាមគ្គីភាពផ្ទៃក្នុង សហការគ្នាធ្វើការឲ្យមានប្រសិទ្ធភាព ហើយត្រូវប្រជុំត្រួតពិនិត្យការងារមួយខែម្តង។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អនុប្រធានរួមជាមួយមន្រ្តីក្របខណ្ឌ នៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌកំបូល បានបង្ហាញការមិនពេញចិត្ត ចំពោះការដឹកនាំរបស់លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យដែលបាននាំមនុស្សចំនួន៨នាក់ ក្រៅក្របខណ្ឌមកកាន់ត្រា និងធ្វើការជំនួសមន្រ្តីនៅក្នុងអង្គភាពរបស់ខ្លួន។

ក្រោយមានករណីនេះកើតឡើង អភិបាលខណ្ឌ បានកោះហៅមន្រ្តីទាំងអស់នៅក្នុងការិយាល័យ មកជួបពិភាក្សាគ្នា និងបានដោះស្រាយបញ្ចប់ ដោយមន្រ្តីចាប់តាំងពីប្រធានភូមិបាល រហូតដល់មន្រ្តី នឹងរួមដៃគ្នា ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព៕