(ពោធិ៍សាត់)៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្ទះព្រៃ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានចុះឃាត់ខ្លួនស្ត្រីម្នាក់ មកសាកសួរពាក់ព័ន្ធនឹងការបង្ហោះផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងការឆ្លងជំងឺផ្លូវដង្ហើម បង្កឡើងដោយវីរុស កូរ៉ូណា «Corona Virus» នៅខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា ស្ត្រីដែលសមត្ថកិច្ចឃាត់ខ្លួន មកសួរនាំនោះ មានឈ្មោះ អាមុំ សព្វថ្ងៃប្រកបអាជីវកម្ម លក់គ្រឿងសម្អាង និងអ៊ុតសក់ ដែលមានយីហោ «អាមុំអ៊ុតសក់» ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខាងក្រោយវត្តពាលញែក ជាប់របងវត្ត។

ការឃាត់ខ្លួនស្ត្រីរូបនេះ ធ្វើឡើងបន្ទាប់ពី ស្ត្រីរូបនេះបានបង្ហោះសារ ក្នុង Account បណ្តាញសង្គម Facebook ផ្ទាល់ខ្លួន ដែលមានឈ្មោះ «អាមុំ អាមុំ អ៊ុតសក់ ស្អាតពិត» ដែលបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «អ្នកពោធិ៍សាត់យើងប្រយ័ត្នប្រយែង ជំងឺកូរ៉ូណា បានឆ្លង ១នាក់ហើយ»

ការផ្សាយនោះ ត្រូវបានសាលាខេត្តពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺមួយដោយបានបញ្ជាក់ថា (គ្មានករណីឆ្លងជំងឺផ្លូវដង្ហើម បង្កឡើងដោយវីរុស កូរ៉ូណា «Coronavirus» កើតឡើងនៅក្នុងខេត្តពោធិ៍សាត់នោះទេ។ ការផ្សាយនេះ អាចជាចេតនាអាក្រក់របស់ជនបំពុលសង្គម ដើម្បីបំភ័យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបង្កចលាចលសង្គមតែប៉ុណ្ណោះ។

បច្ចុប្បន្នស្ត្រីម្នាក់នោះ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាបញ្ឈប់ និងអប់រំឱ្យត្រឡប់ទៅលំនៅដ្ឋានវិញរួចរាល់ហើយ។ ប៉ុន្តែបើតាមមាត្រា ៤២៥ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទក្លែងព័ត៌មាន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ទៅបួនលានរៀលឯណោះ។

គួរជម្រាបថា មនុស្ស២នាក់ ដែលបានប្រឌិតព័ត៌មាន ធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋថាករណីឆ្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណា នៅក្នុងខេត្តសៀមរាប បានចេញមុខមកសារភាពកំហុសរបស់ពួកគេ នៅចំពោះមុខសមត្ថកិច្ច និងបានសន្យាថា ពួកគាត់ឈប់ចែកចាយព័ត៌មានប្រឌិតបែបនេះទៀតហើយ។

បើតាមនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកទាំង២នាក់ ដែលបានចែកចាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងការរកឃើញមានជំងឺរលាកសួត កូរ៉ូណា ក្នុងខេត្តសៀមរាបនេះ មានឈ្មោះ ម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ អ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ២០ឆ្នាំ ដែលពួកគេជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍។ ពួកគេបានមកសារភាពកំហុស ចំពោះមុខសមត្ថកិច្ច នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០៕