(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកថា មន្ដ្រីនគរបាលជាតិ មិនមែនបម្រើតែផលប្រយោជន៍បក្ខពួកខ្លួន ឬក្រុមគ្រួសារខ្លួននោះទេ ពោលពាក្យថា មន្ដ្រីនគរបាលជាតិ គឺបម្រើឲ្យផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនទូទៅទាំងអស់។

ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់រថយន្ដ ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ដើម្បីយកទៅបម្រើផលប្រយោជន៍ក្នុងអង្គភាព សំដៅការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ដ្រីនគរបាលជាតិ ត្រូវតែបំពេញកិច្ចការងារអ្វីទៅតាមមុខជំនាញ ដែលថ្នាក់ដឹកនាំប្រគល់ជូន និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពោលត្រូវស្មោះត្រង់ជាមួយមុខងារ តួនាទី ដើម្បីបម្រើជាតិ ដើម្បីប្រជាពលរដ្ឋ និងមិនលើកលែង ចំពោះបុគ្គលណាទាំងអស់ ដែលប្រព្រឹត្តកំហុស។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ដូចម្ដេចទៅដែលហៅថា ការបំពេញការងារប្រកបដោយវិជ្ជាជីវៈជានគរបាល មានន័យថា គាត់ត្រូវស្មោះត្រង់នឹងតួនាទីរបស់គាត់ ដើម្បីបម្រើជាតិ បម្រើប្រជាពលរដ្ឋ មិនមែនដើម្បីបម្រើខ្លួនយើង បក្ខពួកយើង ក្រុមគ្រួសារយើងទេ គឺបម្រើផលប្រយោជន៍រួម ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ នេះហើយប្រកបដោយវិជ្ជាជីវៈ»។

សម្ដេចបានកត់សម្គាល់ថា ប្រសិនបើមន្ដ្រីនគរបាលនោះ ជួយបិទបាំងនូវអ្វីដែលសាច់ញាតិរបស់ខ្លួនឯង ប្រព្រឹត្តអំពើខុសច្បាប់ មិនមែនហៅថា មន្ដ្រីនគរបាលដែលមានក្រមសីលធម៌វិជ្ជាជីវៈនោះទេ។ ប៉ុន្ដែសម្ដេចពន្យល់ថា មន្ដ្រីនគរបាលអាចជួយការពារសាច់ញាតិរបស់ខ្លួនបាន តាមផ្លូវច្បាប់តាមរយៈការរកមេធាវី ជួយការពារក្ដីជាដើម។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានអះអាងថា ពាក្យថានគរបាលជាតិ មិនមែនជានគរបាលរបស់ក្រុមណាមួយនោះទេ ព្រោះនគរបាលជាតិ ជាអ្នកចូលរួមកសាងបរិយាកាសយុត្តិធម៌ និងយុត្តិធម៌សង្គម ដូច្នេះហើយថ្នាក់ដឹកនាំនគរបាល ត្រូវតែពិនិត្យត្រង់ចំណុចនេះ ដើម្បីលើកសរសើរមន្ដ្រីនគរបាលណា ដែលបំពេញការងារបានល្អ និងដាក់ពិន័យនគរបាលណាដែលប្រព្រឹត្តខុសឆ្គង។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកដល់ស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ត្រៀមឡានទឹកដើម្បីផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំងខាងមុខនេះ។ ដោយឡែក ស្នងការដ្ឋាននគរបាលខេត្តណា ដែលនៅជុំវិញបឹងទន្លេសាប ត្រូវស្រាវជ្រាវបង្ក្រាបបទល្មើសនេសាទ ដែលកើតមានក្នុងភូមិសាស្ដ្ររបស់ខ្លួនឲ្យខាងតែបាន។

គួរជម្រាបថា តាមរយៈការប្រគល់រថយន្ដបន្ថែម ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥នេះ សម្ដេចក្រឡាហោម ស ខេង សង្ឃឹម និងជឿជាក់ថា រថយន្ដនេះនឹងជួយសម្រួលដល់ការបំពេញការងារនៅតាមមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕