(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ដោយសារតែផលប្រយោជន៍ ទើបធ្វើឲ្យមានការរំលោភអំណាចគ្នា។

ក្នុងពិធីប្រគល់រថយន្ដជូនស្នងការនគរបាលរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកដល់ស្ថាប័នទាំងអស់ ដែលចំណុះឲ្យក្រសួងមហាផ្ទៃ ត្រូវធ្វើការទៅតាមអ្វីដែលច្បាប់កំណត់ ហើយមិនត្រូវបំពានសមត្ថកិច្ចគ្នានោះឡើយ។

ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង បន្ទាប់ពីសម្ដេចមើលឃើញថា កន្លងទៅមានស្ថាប័ន អង្គភាពមួយចំនួន ហាក់មានចន្លោះប្រហោងនៅពេលបំពេញការងារ ដោយមិនបានបែងចែកសមត្ថកិច្ចគ្នាឲ្យបានច្បាស់លាស់ ដូច្នេះនៅពេលអនុវត្តការងារហាក់មិនសូវមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា ការកំណត់តួនាទី ភារកិច្ច និងរបៀបរបរធ្វើការងារ គឺជាការសំខាន់ ហើយអ្នកណាមានតួនាទីអី ត្រូវអនុវត្តតាមនោះកុំបំពាន ដើម្បីធានការសាមគ្គីក្នុងអង្គភាព៕