(ភ្នំពេញ)៖ រហូតមកដល់ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ នៅខេត្តសៀមរាប ពុំទាន់រកឃើញាមានករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-CoV) ណាមួយនៅក្នុងទឹកដីរបស់ខ្លួនឡើយ។ នេះបើតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាត់វិធានការលើអ្នកចែកចាយព័ត៌មានភូតកុហកថា មានជនជាតិចិន៤នាក់ មានជំងឺរលាកសួតប្រភេទថ្មី ដែលកំពុងស្នាក់នៅសណ្ឋាគារមួយក្នុងខេត្តសៀមរាប។

សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ មានការចែករំលែកព័ត៌មានលើបណ្តាញសង្គមថា មានជនជាតិចិនចំនួន០៤រូប ដែលស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) និងបានឆ្លងដល់មគ្គទេសក៍ភាសាចិនម្នាក់។

អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់លទ្ធផលដូច្នេះថា៖ «តាមរយៈការចុះដល់ទីតាំងសណ្ឋាគារផ្ទាល់ និងការស្រាវជ្រាវរបស់មន្ត្រីជំនាញ នៃមន្ទីរសុខាភិបាល និងមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ពុំមានជំងឺរលាកសួតដោយវីរុសក្ខណាថ្មី (2019-nCV) ដូចព័ត៌មានបានចែករំលែកនោះទេ ហើយសណ្ឋាគារបាននឹងកំពុងដំណើរការជាធម្មតា។ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវ និងស្វែងរកជនដែលបានប្រឌិតព័ត៌មាននេះឲ្យចូលខ្លួនមកបំភ្លឺ និងមានចំណាត់ការបន្តនាពេលដ៏ខ្លីខាងមុខនេះ»

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់សាធារណជនកុំបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬមិនមានមូលដ្ឋានច្បាស់លាស់ ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ហើយជនប្រឌិតព័ត៌មានអាចប្រឈមចំពោះមុខច្បាប់។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានរកឃើញករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយមេរោគកូរ៉ូណា១ករណីហើយ គឺនៅក្នុងខេត្តព្រះសីហនុ។ មេរោគនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ ដែលធ្វើដំណើរពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ចូលមកខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ យ៉ាងណាក៏ដោយ រហូតដល់ពេលនេះ អ្នកជំងឺជនជាតិកំពុងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកមួយ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តសៀមរាប៖