(រតនគិរី)៖ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានចុះបង្ក្រាបរឹបអូសម៉ូតូ ១គ្រឿង និងឈើចម្រុះ ២០ដុំត្រង់ចំណុចច្រករបៀងលេខ ១៩ក្រោយកាស៊ីណូទ្រីភាព ក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បម្រុងឆ្លងដែនចូលវៀតណាម។ រីឯម៉ូតូដឹកឈើ ៤គ្រឿងផ្សេងទៀត បានទម្លាក់ឈើចោលរួចបើករត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះថា ប្រតិបត្តិការខាងលើ មានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី។

លោកថា កម្លាំងលោកត្រៀមប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីអនុវត្តបទបញ្ជាថ្នាក់លើឲ្យតែមានសេចក្តីរាយការណ៍ពីមជ្ឈដ្ឋានផ្សេងៗ មិនថា ភូមិសាស្ត្រមានការស្មុគស្មាញយ៉ាងណាទេ គឺត្រូវតែធ្វើការបង្ក្រាបឲ្យខាងតែបាន។

លោកមេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវរូបនេះ បញ្ជាក់ទៀតថា ឈើចម្រុះ ២០ដុំខាងលើនេះដូចជា ឈើប្រភេទលេខ១ សុក្រំចំនួន ១៧ដុំ និងឈើលេខ១ ពពេលចំនួន ៣ដុំ ស្មើនឹងចំនួន២,៩៩៨ម៉ែត្រគូប។

បច្ចុប្បន្នវត្ថុតាងម៉ូតូច្នៃដឹកឈើ ១គ្រឿង និងឈើខាងលើប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើបរកែវចាត់ចែងបន្តតាមច្បាប់ស្តីពីព្រៃឈើ។

សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីសព្វថ្ងៃ បើទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធធ្វើការបង្ក្រាបការលួចដឹកជញ្ជូនឈើដោយខុសច្បាប់យ៉ាងណាក៏ដោយ នៅតែមានឈ្មួញលួចធ្វើសកម្មភាពគ្រប់រូបភាព ដោយមិនខ្លាចច្បាប់នោះទេ ដូច្នេះសុំឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវរកមេខ្លោងមកផ្តន្ទាទោសឲ្យធ្ងន់ធ្ងរបំផុត៕