(បាត់ដំបង)៖ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន បាននាំយកម៉ាក់ចំនួន៣ម៉ឺនម៉ាក់របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក សម្រាប់ចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារតាមបន្ទាត់ ព្រំដែន ទាំង១៣ច្រក ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥។

ជាមួយគ្នានេះ កម្លាំងយោធា ក៏បានចែកជូនប្រជាពលរដ្ឋដែលឆ្លងកាត់តាមច្រកទាំង ១៣ផងដែរ ដើម្បីការពារនូវការឆ្លងវីរុសថ្មីឈ្មោះថា កូរ៉ូណា ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសចិន ព្រមទាំងប្រទេសមួយចំនួនទៀត ក្នុងនោះនៅកម្ពុជាមាន១ករណីផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ម្សិលមិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសឱ្យដឹងពីការរកឃើញបុរសជនជាតិចិនម្នាក់ មកពីទីក្រុងវូហាន កើតមានជំងឺផ្លូងដង្ហើម «កូរ៉ូណាវីរុស»។

ជនជាតិចិនដែលរកឃើញកើតជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» នេះ មានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ ៣នាក់ទៀត។ ជនជាតិចិនដែលផ្ទុកមេរោគកូរ៉ូណានេះ និងក្រុមគ្រួសារ បានចេញដំណើរពីទីក្រុងវូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញា នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។

បច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យក្នុងបន្ទប់មួយដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមការតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ មកដល់ថ្ងៃនេះលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល អះអាងថា ស្ថានភាពជំងឺរបស់បុរសរូបនេះស្ថិតក្នុងស្ថានភាពដដែលមិនមានការវិវឌ្ឍន៍នោះទេ៕