(ស្វាយរៀង)៖ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយស្រុកចន្ទ្រា ឱ្យបានល្អនោះ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ លោក រាជ បុន អភិបាលរងស្រុក បានដឹកនាំក្រុមការងារ រួមមាន៖ ប្រធានការិយាល័យអន្តរវិស័យស្រុក អធិការរងនគរបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍និងមន្ត្រីរដ្ឋបាលឃុំ និងមេភូមិចេក ឃុំសំរោង បានចុះណែនាំប្រជាពលរដ្ឋ និងបញ្ចៀសសត្វគោ ក្របី របស់ប្រជាពលរដ្ឋនៅក្នុងភូមិចេក ឃុំសំរោង ឱ្យធ្វើដំណើរតាមផ្លូវរទេះវិញ បញ្ឈប់ការធ្វើដំណើរតាមផ្លូវកៅស៊ូ ដែលនាំឱ្យប៉ះពាល់ដល់សោភណ្ឌភាពសណ្ដាប់ធ្នាប់សាធារណៈ។

បើតាមលោក ធឿន រដ្ឋា បានឱ្យដឹងថា ដើម្បីសោភណ្ឌភាពបរិស្ថាន និងសណ្តាប់ធ្នាប់ របៀបរៀបរយស្រុក បានល្អដោយមានការណែនាំ ពីលោកអភិស្រុកផ្ទាល់ បានចាត់ក្រុមការងារស្រុកចុះអប់រំ និងស្នើរដល់ប្រជាពលរដ្ឋចិញ្ចឹមគោ ក្របី កុំព្រលែង នៅលើផ្លូវជាតិដែលចាក់កៅស៊ូ នាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះចរាចរណ៍ ដែលកើតជាយថាហេតុផងដែរ។ ក្នុងនោះក្រុមការងារ បានឱ្យពលរដ្ឋត្រូវព្រលែង និងដេញគោ ក្របីតាមផ្លូវរទេះវិញ ដែលពុំសូវមានប្រជាពលរដ្ឋធ្វើដំណើរច្រើន។

បើតាមលោក ធឿន រដ្ឋា បានបញ្ជាក់ថា ស្រុកចន្ទ្រា បច្ចុប្បន្នដោយមានការយកចិត្តទុកដាក់ពីលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងារ ចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត និងមានការណែនាំពីអាជ្ញាធរខេត្តផងនោះ បានធ្វើឱ្យវិស័យផ្លូវគមនាគមន៍ស្រុក មានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំផ្លូវចាក់កៅ ស៊ូនិងផ្លូវក្រាលខ្សាច់ភ្នំត្រូវបានស្ថាបនាឡើង ជាបន្តបន្ទាប់ ទន្ទឹមនិងការរីកចម្រើននេះ ប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុកតាំងពីដើមរៀងមក ក្រៅពីធ្វើស្រែចំការនោះ ពួកគាត់បាននាំគ្នាចិញ្ចឹមសត្វគោ ក្របី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ តែពួកគាត់មួយចំនួនតូច នៅតែព្រលែងគោ ក្របី នៅលើផ្លូវជាតិចាក់កៅស៊ូ ដែលនាំឱ្យប៉ះពាល់ សោភណ្ឌភាពស្រុក។

លោកបានបន្ថែមទៀតថា កន្លងមកអាជ្ញាធរឃុំ និងស្រុកក៏ធ្លាប់បានណែនាំប្រជាពលរដ្ឋសូមកុំព្រលែងសត្វពាហនៈរបស់ខ្លួននៅលើផ្លូវចាក់កៅស៊ូ ត្រូវដេញសត្វក្របីគោ ឱ្យទៅតាមផ្លូវរទេះវិញ ដើម្បីកុំឱ្យខូចផ្លូវ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផងដែរ ហើយអាជ្ញាធរ និងចុះអនុវត្តន៍ការងារនេះ ឱ្យបានដូចភ្លៀងរលឹម៕