(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០, លោក កឹម ច័ន្ទដារ៉ា, លោក ចំរើន រដ្ឋា, លោកស្រី ឃុន ច័ន្ទមុន្នីរត្ន័ និងមិត្តភក្ដិជាអនិកជនខ្មែររស់នៅរដ្ឋផ្លរីដា (Florida) សហរដ្ឋអាមេរិក បាននាំយកអំណោយរួមមាន៖ កង់ចំនួន ១២គ្រឿង, សំភារៈសិក្សា, ម៉ាស់ការពារ និងថវិកាចែកចែកជូនដល់សិស្សានុសិស្សសរុបមានចំនួន ២៨៤នាក់ ក្នុងនោះសិស្សមត្តេយ្យ មាន ១៤នាក់ និង លោកគ្រូ អ្នកគ្រូ ចំនួនន ១៨នាក់ (ស្រី ១៦នាក់) នៅសាលាបឋមសិក្សាវត្តព្រះពុទ្ធមានបុណ្យ នៅខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក កឹម ច័ន្ទដារ៉ា បានរៀបរាប់ឲ្យដឹងថា ដោយសារសន្តិភាព និងសូមអរគុណសន្តិភាព ទើបលោកជាអនិកជនខ្មែររស់នៅរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក បានមើលឃើញនូវការដឹកនាំដ៏គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន មគ្គុទេសដ៏ឆ្នើមនាំសុខសន្តិភាព និងការរីកចំរើនដល់ប្រទេសកម្ពុជា ទើបលោក និងបងប្អូនចូលរួមចំណែកតូចមួយដល់សង្គម ជួយឧបត្ថម្ភដល់ក្មួយៗ ដែលកំពុងរៀនសូត្រក្រោមម្លប់ សុខសន្តិភាព។

លោកថា ពេលលោកត្រឡប់ទៅដល់អាមេរិកវិញ លោកនឹងពាំនាំនូវការរីកចម្រើនរបស់ប្រទេសជាតិ ផ្សព្វផ្សាយដល់បងប្អូនខ្មែរដែលកំពុងរស់នៅទីនោះឲ្យពួកគាត់បានយល់ដឹង និងអញ្ជើញមកលេងស្រុក និងបន្តធ្វើការរ៉ៃអង្គាសថវិកាសំរាប់បន្តជួយដល់សិស្សានុសិស្សសាលាផ្សេងៗទៀតផងដែរ៕