(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានអំពាវនាវដល់សមាជិក និងកម្មករនិយោជិតទាំងអស់ សូមមានទំនុកចិត្ត ចំពោះសមត្ថភាពរបស់រាជរដ្ឋាភិបាល និងគោរពឲ្យបានតឹងរឹង តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការក្នុងការដោះស្រាយ បញ្ហាជំងឺរលាកសួត ដោយវីរុសកូរ៉ូណា។

សេចក្ដីថ្លែងការណ៍របស់ GMAC ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមករានេះ បានឲ្យដឹងថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សូមគាំទ្រនូវកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការបង្ការការឆ្លងរីករាលដាល នៃជំងឺរលាកសួត ដោយវីរុសកូរ៉ូណា ក្នុងប្រទេសកម្ពុជា។

សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា សូមថ្លែងអំណរគុណ និងការកោតសរសើរ ជាពិសេសចំពោះបុគ្គលិក និងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងសុខាភិបាល និងក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំធ្វើការងារ ដោយមិនគិតការនឿយហត់ និងទាំងយប់ទាំងថ្ងៃ ដើម្បីឆ្លើយតបនឹងបញ្ហានេះ។

សេចក្ដីថ្លែងការណ៍ បានគូសបញ្ជាក់ថា «សមាគមត្រៀមខ្លួន សហការតាមវិធី និងមធ្យោបាយដែលអាចធ្វើទៅបាន ជាពិសេសតាមរយៈ ការផ្សព្វផ្សាយនូវសេចក្តីណែនាំ ព្រមទាំងព័ត៌មានពិត និងសុក្រឹតទៅដល់ក្រុមគោលដៅរបស់យើង»

ទន្ទឹមនេះដែរ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា សូមអំពាវនាវដល់សមាជិក និងកម្មករនិយោជិតទាំងអស់ ដូចខាងក្រោម៖

១៖ សូមមានទំនុកចិត្ត ចំពោះសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព។
២៖ សូមរក្សាភាពនឹងនរ និងមានស្មារតីរឹងមាំ និងគោរពឲ្យបានតឹងរឹង តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចមានភ្ជាប់ជូន។
៣៖ បើទោះបីជាការឆ្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណា មានការពិបាកខ្លាំង ក្នុងការព្យាបាល វាមានវិធានការច្បាស់លាស់ និងសាមញ្ញដែលមានប្រសិទ្ធភាពខ្ពស់ អាចការពារយើងមិនឲ្យឆ្លងវីរុសនេះ ប្រសិនបើយើងគោរពយ៉ាងតឹងរឹងតាមការណែនាំ របស់ក្រសួងសុខាភិបាល៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា៖