(ភ្នំពេញ)៖ ឆ្លើយតបនឹងការតាមដានបំផុតលើអ្នកជំងឺជនជាតិចិនម្នាក់ ដែលផ្ទុកវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ, ត្រូវបានលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅវេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ទី២៨ ខែមករា ឆ្នាំ២០២០នេះឲ្យដឹងថា ស្ថានភាពអ្នកជំងឺផ្ទុកវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ មានសុខភាពជាធម្មតា មិនមានការវិវត្តន៍ធ្ងន់ធ្ងរទេ ខណៈក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ថែទាំខ្ពស់បំផុត។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មលើយុទ្ធនាការការពារ និងទប់ស្កាត់ជំងឺផ្លូវដង្ហើមប្រភេទថ្មី បានថ្លែងប្រាប់យ៉ាងដូច្នេះថា «ស្ថានភាពអ្នកជម្ងី ជនជាតិចិនឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ សម្រាកនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដែលមានផ្ទុកវីរុសណូវែលកូរូណា មានសុខភាពជាធម្មតា មិនមានការវិវត្តន៍ធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ទេ។ គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តបានយកចិត្តទុកដាក់ថែរទាំខ្ពស់បំផុត»។

សូមជំរាបថា អាជ្ញាធរចិនបានប្រកាសឲ្យដឹងនៅថ្ងៃទី២៨​ ខែមករា ឆ្នាំ២០២០ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១០៦នាក់ហើយ ខណៈមនុស្សចំនួនលើសពី៤០០០នាក់ទៀតឆ្លង។

ជាមួយនោះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លង ជំងឺរលាកសួតដោយ វីរុសកូរ៉ូណាថ្មី ដែលបានរកឃើញមានមួយករណីនៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ដោយអនុវត្តនូវវិធានការដូចតទៅ៖

១៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
២៖ លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
៤៖ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
៥៖ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។
៦៖ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
៧៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
៨៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារ ជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥៕