(ភ្នំពេញ)៖ ទូតថ្មីរបស់អូស្ត្រាលី ដែលទើបចូលមកបំពេញការងារនៅកម្ពុជា លោក ប៉ាប៊ីយ៉ូ ឈីហ៊ូ កាង (Pabio Chiho Kang) បានបង្ហាញពីការប្តេជ្ញាចិត្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀតក្នុងអាណត្តិការងាររបស់លោក។

ការបញ្ជាក់ពីជំហរពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលីពីសំណាក់លោក ប៉ាប៊ីយ៉ូ ឈីហ៊ូ កាង បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះនៅវិមានសន្តិភាព។

ក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូត លោក ប៉ាប៊ីយ៉ូ ឈីហ៊ូ កាង បានលើកឡើងថា ការបានមកធ្វើជាឯកអគ្គរដ្ឋទូតនៅកម្ពុជា គឺជាបេសកកម្មគួរជាទីរីករាយមួយ ជាពិសេសមកកាន់ប្រទេស ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយអូស្ត្រាលី។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួប។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការជំរុញ និងលើកកម្ពស់លើកិច្ចសហប្រតិបត្តិការលើវិស័យនានាជាមួយក្រសួងស្ថាប័នរបស់កម្ពុជា ជាពិសេសលើការវិនិយោគ និងធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីរូបនេះ បានលើកឡើងថា បច្ចុប្បន្នអូស្ត្រាលីកំពុងបង្វែរកិច្ចសហប្រតិបត្តិការទៅតាមក្រសួងស្ថាប័នរបស់កម្ពុជាដោយផ្ទាល់តែម្តង។ បច្ចុប្បន្នរដ្ឋាភិបាលអូស្ត្រាលី កំពុងនឹងធ្វើការងារជាមួយក្រសួងហិរញ្ញវត្ថុ លើវិស័យពន្ធដារ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ក៏ដូចជាក្រសួងការពារជាតិផងដែរ។

លោក ប៉ាប៊ីយ៉ូ ឈីហ៊ូ កាង បានលើកឡើងថា ក្នុងបេសកកម្មកាទូតរបស់លោកមកកាន់កម្ពុជានៅពេលនេះ លោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងអស់ជាមួយកម្ពុជា ហើយក៏ផ្ដោតកិច្ចសហប្រតិបត្តិការជាពិសេសទៅលើពាណិជ្ជកម្ម។ លោកបន្ថែមថា អូស្ត្រាលី បើកចំហជូនប្រជាជនកម្ពុជាទៅធ្វើទស្សនកិច្ច វិនិយោគ ក៏ដូចជាបន្តការសិក្សានៅទីនោះ។ ក្នុងន័យនេះ លោកនឹងយកចិត្តទុកដាក់ ជាពិសេសលើបញ្ហាវិនិយោគ និងបញ្ហាពាណិជ្ជកម្មតែម្ដង ជាមួយកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសំដែងការអបអរសាទរ ចំពោះលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងឱ្យបំពេញការងារនៅកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញទស្សនៈយល់ស្របចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតលើការធ្វើកិច្ចសហប្រតិបត្តិការ របស់រដ្ឋាភិបាលអូស្ត្រាលី ដែលបានធ្វើដោយផ្ទាល់ទៅជាមួយក្រសួងស្ថាប័ននានារបស់កម្ពុជា។

សម្ដេចតេជ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងយ៉ាងច្រើនវិស័យ ជាមួយស្ថាប័ន និងស្ថាប័នជាដើម ហើយក៏មានទំនាក់ទំនងជាពិសេសផងដែរ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក្របខណ្ឌអាស៊ាន ក្របខណ្ឌអាស៊ីបូព៌ា ក៏ដូចជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។

បន្ថែមពីលើនោះ អូស្ត្រាលី ក៏មានកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេស គឺអូស្ត្រាលីបានជួយកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាពនាពេលកន្លងមក។ ជាពិសេសទៅទៀត អូស្ត្រាលីកាលពីដើមឡើយ បានដាក់អាទិភាពសំខាន់ជួយដល់កម្ពុជាលើវិស័យកសិកម្ម ហើយលើវិស័យកសិកម្មនេះ អូស្ត្រាលី បានបង្កើតនៅវិទ្យាស្ថានកាឌី (Cardi) មួយដែលវិទ្យាស្ថាននេះ បានជួយជំរុញឱ្យស្រូវកម្ពុជា បង្កើនបានទិន្នផលខ្ពស់ ហើយបានជួយឱ្យស្រូវកម្ពុជា ក្លាយទៅជាអង្ករលេខ ១ នៅក្នុងពិភពលោកផងដែរ។

សម្ដេចតេជោក៏បានឯកភាព និងសំដែងនូវការរីករាយ ចំពោះការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មពីសំណាក់ឯកអគ្គរដ្ឋទូតអូស្ត្រាលី។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់ទស្សនៈថា ទំនាក់ទំនងនយោបាយរឹងមាំ គឺចេញពីទំនាក់ទំនងពាណិជ្ជកម្ម ដូច្នេះសម្ដេចគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងធ្វើពាណិជ្ជកម្ម៕