(បាត់ដំបង)៖ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជនស្រុកសំឡូតទាំងមូល ដែលបានចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់សង្រ្គាម និងការពារសន្តិភាព ចាប់ពីឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងបែបនេះ ក្នុងការអញ្ជើញជាអធិបតីសម្រាប់ពិធីរៀបចំដំឡើងផ្ទាំប៉ាណូអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស.នៅស្រុកសំឡូត ខេត្តបាត់ដំបង និងផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស. ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសាលាបឋមសិក្សាអភិវឌ្ឍន៍សំឡូត នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

ពិធីអប់រំផ្សព្វផ្សាយនេះ មានការអញ្ចើញចូលរួមពី លោកស្រី Natascha Paddison អនុប្រធានមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង ថ្នាក់ដឹកនាំអាជ្ញាធរមីន តំណាងក្រសួងអប់រំ យុវជន និងកីឡា ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ និងកងកម្លាំងប្រដាប់អាវុធផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ដែលកំពុងរស់នៅតាមតំបន់មានហានិភ័យខ្ពស់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា សម្តេចតេជោ តែងតែមានការអាណិតអាសូរ និងសោកស្តាយជាពន់ពេក នៅពេលលឺដំណឹងថា មានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះ និងពិការភាព ដោយសារគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស.ម្តងៗ ក្នុងកំឡុងពេល ដែលប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលរស់នៅតំបន់រងផលប៉ះពាល់ដោយសារមីន/ស.ផ.ស. បង្កើនការប្រុងប្រយ័ត្ន និងចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីការគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស.នៅតាមសហគមន៍។

នារសៀលថ្ងៃដដែលនេះ លោកទេសរដ្ឋមន្រ្តី ក៏បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស. ដែលបានរៀបចំដោយអង្គការ HALO Trust ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ផងដែរ។

ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩ មានជនរងគ្រោះគោយសារមីន/សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៦៤.៨៥៥នាក់ ។ នៅឆ្នាំ២០១៩ ប្រទេសកម្ពុជា មានជនរងគ្រោះដោយសារមីន/ស.ផ.ស. ចំនួន ៧៧នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីន ២៣ នាក់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៥៤ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មានជនរងគ្រោះ៥៨នាក់ គឺកើនឡើង ១៩នាក់ ត្រូវជា ៣៣%។

ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំណោមខេត្ត ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់។ អាជ្ញាធរមីន សហការជាមួយអង្គការ UNICEF បានសម្រេចដំឡើងប៉ាណូចំនួន ១ ផ្ទាំង ដែលមានរូបភាព និងខ្លឹមសារអប់រំអំពីគ្រោះថ្នាក់ដោយសារមីនតោន នៅពេលប្រើប្រាស់គ្រឿងចក្រក្នុតំបន់សង្ស័យ ព្រមទាំងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីដាស់តឿនបន្ថែមដល់ប្រជាពលរដ្ឋអោយចៀសវាងពីទង្វើ ដែលអាចនាំទៅរកគ្រោះថ្នាក់ជាយថាហេតុ៕