(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនពិកា ចាស់ជរា និងអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងទុរគតជនចំនួន ២០២០គ្រួសារ នៅសាលាខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការលំបាកពួកគាត់។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង បានថ្លែងថា អំណោយដែលត្រូវផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំងនេះ គឺជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ពិសេសប្រជាពលរដ្ឋដែល ទទួលរងដោយគ្រោះថ្នាក់ផ្សេងៗ ដូចជា៖ អគ្គិភ័យ និងគ្រោះថ្នាក់ធម្មជាតិជាដើម ដោយសម្ដេចតែងតែបានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវចុះឱ្យដល់លំនៅឋាន ប្រជាពលរដ្ឋផ្ទាល់ ដើម្បីឱ្យបានដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពោលគឺពេលប្រជាពលរដ្ឋមានការលំបាក យើងបានជួយពួកគាត់ភ្លាមៗតែម្ដង ដោយមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការការអត់បាយនោះទេ ស្របតាមពាក្យស្លោកមួយថា «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហម» ។

ដោយឡែកលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋងាយរងគ្រោះ ជនពិកា ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ និងទុរគតជនទាំង ២០២០គ្រួសារនេះ មួយចំនួនធំ គឺប្រជាពលរដ្ឋរស់នៅខណ្ឌកំបូល និងមានប្រជាពលរដ្ឋ ២សង្កាត់ទៀត មកពីខណ្ឌពោធិ៍សែនជ័យ គឺសង្កាត់ត្រពាំងក្រសាំង និងសង្កាតសំរោងក្រោម ហើយក្នុងចំណោមប្រជាពលរដ្ឋ ជាង ២ពាន់គ្រួសារនេះ ក្នុងមួយគ្រួសារមួយគ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម, មី ១កេស, ទឹកត្រី, ទឹកស៊ីអ៊ូវ១យូរ, ស្ករស១គីឡូក្រាមកន្លះ និងថវិកាចំនួន២ម៉ឺនរៀល៕