(ក្រចេះ)៖ យុវជនចំនួន២នាក់ ដែលត្រូវគេស្គាល់ថា ជាជើងខ្លាំងប្រចាំភូមិ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីយុវជនទាំងពីរនេះ បានបង្កហិង្សាវាយតបគ្នា ទៅវិញទៅមក នៅក្នុងកម្មវិធីឡើងផ្ទះអ្នកជិតខាង បង្កឱ្យមានការភ្ញាក់ផ្អើលម្ចាស់ផ្ទះ និងភ្ញៀវដែលបានចូលរួម។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

បើយោងតាមរបាយការណ៍នគរបាល បានឱ្យដឹងថា ករណីហិង្សាសារនេះ បានកើតឡើងនៅកម្មវិធីឡើងផ្ទះឈ្មោះ ភុង គឹមហេង និងប្រពន្ធឈ្មោះ ទួន ស្រីកែវ នៅភូមិឃុំកើតហេតុខាងលើ។

ដោយឈ្មោះ ចាន់ ផារិត ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ឈោះ ឈួន គឹមហេង ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរជាមួយគ្នា ហើយអ្នកទាំងពីរ បានវាយគ្នាទៅវិញទៅមក បង្កឱ្យមានចលាចលនៅក្នុងកម្មវិធី និងមានរបួសទាំងសង្ខាង។

របាយការណ៍បញ្ជាក់ទៀតថា ក្រោយពីទទួលព័ត៌មានបង្កហិង្សានេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ បានចុះទៅអន្តរាគម និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ យកមកអធិការដ្ឋាន ដើម្បីបំពេញនីតិវិធីច្បាប់៕