(ស្វាយរៀង)៖ ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងភូមិសាស្រ្ត ក្នុងក្រុងស្វាយរៀង លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានដឹកនាំកម្លាំងនគរបាលក្រុង ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លើយានយន្តគ្រប់ប្រភេទលើដងផ្លូវ ដែលមិនគោរពច្បាប់ នៅចំណុចរង្វង់មូល ក្នុងក្រុងស្វាយរៀង។

លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា កម្លាំងនគរបាលក្រុងតែងតែដឹកនាំកម្លាំង ចុះត្រួតពិនិត្យចល័ត នៅតាមបណ្តោយ ផ្លូវសំខាន់ៗមួយចំនួនទៅតាមគោលដៅដែលបានកំណត់ ក្នុងក្រុងស្វាយរៀង ជាពិសេសសហការជាមួយប្រជាការពារ បានដាក់កម្លាំងជិះល្បាត ២៤ម៉ោង នៅក្នុងភូមិសាស្ត្រក្នុងក្រុង ដើម្បីត្រួតពិនិត្យការពារសន្តិសុខ សុវត្ថិភាព និងបង្រ្កាបរាល់បទល្មើសផ្សេងៗ។

លោកបន្តថា ចំពោះការអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នាពេលនេះ គឺធ្វើផាកពិន័យអ្នកដែលមានម៉ូតូអត់ស្លាកលេខ កញ្ចក់មួក និងរថយន្តបើកបរមិនពាក់ខ្សែក្រវាត់ គឺធ្វើជាប្រចាំដូចភ្លៀងរលឹម នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានជាមួយនឹងលោកអធិការរង ទទួលផែនចរាចរណ៍ក្រុង។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងអស់ គ្នាត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ឱ្យបាគ្រប់ៗគ្នា គឺជិះម៉ូតូត្រូវ មានមួកសុវត្ថិភាព កញ្ចក់ និងស្លាកលេខឱ្យបានត្រឹមត្រូវ គឺដើម្បីអ្នកការពារជីវិតខ្លួនឯង៕