(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មីរួចមក, នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា បានចូលរួមធ្វើសកម្មភាពទប់ស្កាត់ ការឆ្លងវីរុសនេះនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដោយលើកទឹកចិត្តឱ្យបុគ្គលិក និងសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀនជាដើម។

ក្រសួងអប់រំបានឲ្យដឹងថា ក្នុងនោះដែរ ក៏មានដាក់អាកុល សាប៊ូ សម្រាប់សិស្សលាងដៃ ឱ្យបានទៀងទាត់ និងញឹកញាប់ជាប្រចាំ ពិសេសមុនពេលបរិភោគអាហារ ឬក្រោយពេលប៉ះពាល់អ្វីដែលកខ្វក់ ព្រមទាំងមានការណែនាំឱ្យសិស្សចៀសវាងប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើម ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត សុវត្ថិភាពចំណីអាហារ មិនគួរទៅកាន់កន្លែងណាដែលមានមនុស្សអ៊ូអរពេក ព្រមទាំងបរិភោគទឹកឱ្យបានច្រើន។

សូមជម្រាបថា បច្ចុប្បន្នវីរុសកូរ៉ូណាថ្មី កំពុងរាតត្បាតនៅទីក្រុង វូហាន (Wuhan) នៅខេត្តហ៊ុយបេ (Hbei) សាធារណរដ្ឋប្រជាមានិតចិន ហើយរាតត្បាតដល់បណ្ដាប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក ដោយមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការនៅឡើយ៕