(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បន្តចែកម៉ាស់ (mask) ដែលមានចំនួន១លាន ជូនដល់ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) កំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។

ពិធីចែកម៉ាស់នេះ ធ្វើឡើងក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត, លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់ រួមនឹងមន្ត្រីជំនាញសុខាភិបាលពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រុមការងារក៏បានអញ្ជើញ ទទួលនិស្សិតអាហារូបករណ៍លោក ស សុខា ទៅសិក្សានៅប្រទេសចិន ត្រឡប់មកខេត្តបន្ទាយមានជ័យវិញ ក្នុងឱកាសសម្រាកវិស្សមកាល នៅច្រកទ្វារព្រំដែនអន្តរជាតិផងដែរ។

សូមជម្រាបថា អាជ្ញាធរ និងមន្រ្តីនគរបាលនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដាក់ផែនការចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន
ភ្ញៀវជាតិ និងអន្តរជាតិចំនួន១លានម៉ាស់ រយៈពេញ១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០តទៅ។ អំណោយម៉ាសទាំងអស់ បានមកពីជំនួយរបស់សប្បុរសជននានា និងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕