(មណ្ឌលគិរី)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគីរី បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ សិស្សវិទ្យាល័យ ហ៊ុន សែន កែវសីមា ស្ថិតនៅភូមិអូមអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចំនួន១៣នាក់ទៀត បានបន្ដដួលសន្លប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

តាមសេចក្ដីរាយការណ៍ បានបញ្ជាក់ទៀតថា ក្នុងនោះ មានអាការៈធ្ងន់ធ្ងរ ចំនួន៣នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី។

យ៉ាងនេះក្តី មន្ត្រីជំនាញពាក់ព័ន្ធ នៅមិនទាន់ដឹងពីមូលហេតុ នាំឲ្យសិស្សសាលាវិទ្យាល័យ ហ៊ុន សែន កែវសីមា ដួលសន្លប់ជាបន្តបន្ទាប់ មកនេះនៅឡើយទេ ដោយរង់ចាំមន្ត្រីជំនាញក្រសួងសុខាភិបាល ចុះពិនិត្យ និងវិភាគរោគសញ្ញា ឲ្យបានត្រឹមត្រូវជាមុនសិន។

ជុំវិញករណីនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានបញ្ជាឲ្យមន្ដ្រីសុខាភិបាល និងមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការពិនិត្យអំពីទីតាំងបរិវេណ សាលារៀនមួយនេះ ដែលជួបបញ្ហាដួលសន្លប់ ជាបន្ដបន្ទាប់យ៉ាងដូច្នេះ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ សិស្សវិទ្យាល័យ ហ៊ុន សែន កែវសីមា ចំនួន១០នាក់ ក៏បានដួលសន្លប់ជាបន្ដបន្ទាប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ៕